ឯកឧត្ដម ម៉ែន វិបុល ទទួលថវិកាចំនួន៩លានរៀន ពីអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ សម្រាប់យកទៅចាត់ចែងក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលថវិកា ចំនួន៩លានរៀន ពីឯកឧត្តម សុខ ឥសាន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា សម្រាប់យកទៅចាត់ចែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលក្នុងនោះឧបត្ថម្ភរដ្ឋបាលខេត្តស្វាយរៀង ថវិកាចំនួន១លានរៀល និងឧបត្ថម្ភដល់ក្រុង ស្រុកទាំង៨ ក្នុង១ក្រុង ស្រុក ថវិកាចំនួន១លានរៀលផងដែរ។
ពិធីនេះបានធ្វើឡើងនៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ លោកនាយករដ្ឋបាលសាលាខេត្ត និងលោកអភិបាលក្រុង ស្រុកទាំង៨។
ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអគុណចំពោះ ឯកឧត្តម សុខ ឥសាន និងប្រតិភូព្រឹទ្ធសភា ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃនាំយកថវិកាឧបត្ថម្ភដល់រដ្ឋបាលខេត្ត និងរដ្ឋបាល ក្រុង ស្រុក ដែលថវិកាទាំងនេះពិតជាមានសារៈសំខាន់ណាស់ ឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាខេត្តស្វាយរៀង កំពុងអនុវត្តវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ឯកឧត្ដមអភិបាលខេត្ត ក៏បានជម្រាបជូនឯកឧត្ដមអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ ផងដែរថា រហូតមកដល់ពេលនេះ ពុំទាន់មានប្រជាពលរដ្ឋខេត្តស្វាយរៀងណាម្នាក់ឆ្លងជំងឺកូវីដ១៩នៅឡើយទេ ហើយចំពោះប្រជាពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេស ជាពិសេសប្រទេសថៃ ត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត យកចិត្តទុកដាក់បំផុត តាមរយៈការចាត់តាំងមន្ត្រីសុខាភិបាលធ្វើការពិនិត្យ និងតាមដានសុខភាពជាប្រចាំ ព្រមទាំងតម្រូវឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ និងក្នុងករណីមានការសង្ស័យបញ្ជូនទៅពិនិត្យព្យាបាលជាបន្ទាន់នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋដែលខេត្តបានត្រៀមទុកទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ចំពោះថវិកាទាំងអស់ដែលទទួលបាននៅថ្ងៃនេះ នឹងត្រូវយកទៅចាត់ចែងសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសក្នុងការគាំទ្រដល់ដំណើរការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋនៅមូលដ្ឋាន៕