កម្លាំងចម្រុះ ត្រួតពិនិត្យពលករខ្មែរ ដែលចេញពីទឹកដីថៃ តាមច្រកអូបីជាន់ រកឃើញកំដៅខុសប្រក្រតីចំនួន៣នាក់ បញ្ជូនទៅមណ្ឌលសុំចត
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីអាជ្ញាធរខេត្តនៃប្រទេសទាំងពីកម្ពុជា និងថៃ បើកកិច្ចប្រជុំពិភាក្សាគ្នា ដើម្បីរកចំណុចទីតាំងសម្រួលឲ្យពលករខ្មែរចេញ ដើម្បីឱ្យជំនាញធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវក្នុងការទប់ស្កាត់និងបង្ការការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ជាលទ្ធផលភាគីទាំងសងខាងបានសម្រេចយកច្រកអូបីជាន់ តែមួយគត់ ដើម្បីជាការងាយស្រួលក្នុងការគ្រប់គ្រង។
បើតាមសមត្ថកិច្ចដែលកំពុងធ្វើការត្រួតពិនិត្យ នៅទីតាំងខាងលើបានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាគណៈបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចចម្រុះរួមមានៈកម្លាំងនគរបាលខេត្ត កងរាជអាវុធហេត្ថ អភិបាលស្រុក ឃុំ ភូមិរួមសហការជាមួយកម្លាំងទាហានការពារព្រំដែន៥០៣ បង្កើតជាគណៈកម្មាធិការរងចាំទទួលពលករ២៤ម៉ោង ដើម្បីធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត រាល់ពួកគាត់ចេញពីទឹកដីថៃ ត្រូវវាស់កំដៅ និងតម្រូវឲ្យពួកគាត់លាងដៃនឹងសាប៊ូ អាកុល និងពាក់ម៉ាស ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ដែលពិភពលោកកំពុងតែមានការព្រួយបារម្ភ ព្រមទាំងមានរៀបចំម្ហូបអាហារជូនពួកគាត់ទៀតផង។
សមត្ថកិច្ចបន្តថា ចាប់តាំងពីកម្លាំងចុះធ្វើការត្រួតពិនិត្យរហូតមកដល់ថ្ងៃនេះ រកឃើញកំដៅខុសប្រក្រតីចំនួន៣នាក់ រួចនាំគាត់ដាក់ដោយឡែកពីគេ បញ្ជូនទៅមណ្ឌលសំចត នៅក្រុងប៉ោយប៉ែត ដើម្បីធ្វើការត្រួតពិនិត្យបន្ត។
សមត្ថកិច្ចបញ្ជាក់ថា រាល់ពលករដែលចេញពីទឹកដីថៃ នៅពេលត្រូតពិនិត្យរួច រកឃើញថាមានកំដៅខុសប្រក្រតីត្រូវរៀបចំឱ្យនៅដាច់ដោយឡែក ចំណែកអ្នកដែលមិនមានអ្វីដែលខុសពីប្រក្រតី មានន័យថា មិនមានជាប់ពាក់ពន្ធ័ទៅនឹងជម្ងឺកូវីដ១៩ ក៏ឱ្យនៅ នឹងបញ្ជូនទៅមណ្ឌលសំចត នៅក្រុងប៉ោយប៉ែតដាច់ដោយឡែកពីគ្នាផងដែ ដើម្បីងាយស្រូលក្នុងការទប់ស្កាត់ និងបង្ការជម្ងឺដ៏សាហាវនេះ។
ទន្ទឹមនោះដែរសមត្ថកិច្ចចម្រុះ ដែលកំពុងតែធ្វើការត្រួតពិនិត្យនូវទីតាំងច្រកអូបីជាន់ បានសំណូមពរ ដល់ពលករ ដែលត្រៀមចេញពីទឹកដីថៃ ក៏ដូចជាចេញមកហើយនោះ ត្រូវស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ពិសេសក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសត្រូវរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានរឹងមាំ ការធ្វើអនាម័យដោយលាងដៃស្អាតជាប្រចាំ នឹងត្រូវចេះតាមដានសុខភាព បើមានការសង្ស័យ រាយការណ៍ជូនក្រុមគ្រូពេទ្យជំនាញឬទំនាក់ទំនងតាមទូរស័ព្ទលេខ១១៥៕