កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងាររដ្ឋបាលខេត្តប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត
ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹក នៅថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន៍ភាពការងាររដ្ឋបាលខេត្តប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍន៍ភាពការងារ និងពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
មានប្រសាសន៍បើកអង្គប្រជុំ ឯកឧត្តម ម៉ុម សារឿន បានលើកឡើងថា កន្លងមកនេះសង្កេតឃើញថា ថ្នាក់ដឹកនាំខេត្ត ក៏ដូចថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងមន្ត្រីថ្នាក់មូលដ្ឋានពិតជាបានខិតខំបំពេញការងាររបស់ខ្លួនបានល្អប្រសើរប្រាកដមែន រហូតធ្វើឱ្យខេត្តស្ទឹងត្រែងមានភាពរីកចំរើនគួជាទីមោទៈ ពិសេសលើហេដ្ឋារចនាសម្ព័ន្ធ និងការម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ក្នុងនោះឯកឧត្តម ម៉ុម សារឿន បានធ្វើការកោតសរសើរចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលជាអ្នកប្រយុទ្ធជួរមុខ ដែលខិតខំទាំងកម្លាំងកាយចិត្តទប់ស្កាត់ និងត្រៀមបង្ការចំពោះជំងឺកូវីដ១៩(COVID-19)៕