សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀមរោងចក្រផលិតម៉ាស និងទឹកអាល់កុលសម្លាប់មេរោគ ខ្លួនឯងហើយ
រាជធានីភ្នំពេញ៖មកទល់ពេលនេះកម្ពុជាបានត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលចាប់ពីពេលនេះទៅអាចបាន១លា២សែនម៉ាស ហើយនឹងបង្កើនសមត្ថភាពផលិតអោយបានច្រើនថែមទៀត។
ជាងនេះទៅទៀតរាជរដ្ឋាភិបាលក៏បានត្រៀមរោងចក្រក្នុងស្រុកមួយទៀតសម្រាប់ផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ដែលបម្រុងសម្រាប់ជូនប្រជាពលរដ្ឋផង និងសម្រាប់ពេទ្យផង គឺជាង៥ពាន់លីត្រ ហើយនឹងបង្កើនសមត្ថភាពផលិតអោយច្រើនថែមទៀត ព្រោះយើងត្រូវការលើសពីនោះ។ជាមួយគ្នានេះដែរ សំភារៈពេទ្យដូចជា ខោ អាវ មួក ក៏នឹងត្រូវផលិតដោយរោងចក្រក្នុងស្រុក២ គឺនៅខេត្តកំពង់ចាម និងខេត្តស្វាយរៀង ហើយសំភារៈមួយចំនួនទៀតដែលយើងផលិតមិនបាន គឺនឹងនាំមកពីក្រៅប្រទេស។សំភារៈពេទ្យយើងមួយចំនួនធំរួមទាំងថ្នាំពេទ្យ គឺបានរៀបចូលស្តុកក្នុងឃ្លាំងរួចរាល់អស់ហើយ។ទោះបីមានសំភារៈបរិក្ខាពេទ្យមួយចំនួនត្រូវបាននាំចូលពីក្រៅប្រទេសពេញឃ្លាំងក្តីក៏យើង ត្រូវតែត្រៀមរោងចក្រក្នុងស្រុកសម្រាប់ផលិតសំភារៈ និងបរិក្ខារពេទ្យមួយចំនួនសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រទេសតែម្តង។
ក្រៅពីត្រៀមបម្រុងសំភារៈបរិក្ខារពេទ្យរួចរាល់ហើយ គឺយើងបានត្រៀមរៀបចំស្តុកបម្រុងអង្ករ និងអំបិល និងម្ហូបចំណីមួយចំនួនទៀត អត់មានអោយនាំចេញទៅលក់នៅក្រៅប្រទេសទេ ដើម្បីធានាថាពលរដ្ឋខ្មែរនៅតែមានអង្ករ និងម្ហូបអាហារទទួលទានទោះបីក្នុងស្ថានភាពបែបណាក៏ដោយ។នេះបើយោងតាមការចុះផ្សាយនៅលើផេកFacebook របស់សម្តេចតេជោ។
ក្នុងនោះសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែរំឮកពលរដ្ឋអោយយកចិត្តទុកដាក់ថែរក្សាការពារអនាម័យផ្ទាល់ខ្លួន និងអនាម័យក្នុងក្រុមគ្រួសារអោយបានល្អ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩។ពលរដ្ឋត្រូវមានជាប់តាមខ្លួននូវម៉ាស ឬក្រមា និងទឹកថ្នាំអាល់កុល ឬចែលលាងដៃសម្លាប់មេរោគបាក់តេរី ដើម្បីការពារការឆ្លងរោគពីយើងទៅគេ នឹងពីគេមកយើង។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ច្បាស់ជូនប្រជាពលរដ្ឋ កុំអោយមានការតក់ស្លុតអោយសោះ កម្ពុជាមិនអោយមានសភាពស្លាប់គរជើងដូចយើងឃើញនៅក្រៅប្រទេសនោះឡើយ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងសហការជាមួយមន្ទីរពេទ្យប្រសិនបើមានការសង្ស័យនៃជំងឺឆ្លងកូវីឌ-១៩៕