សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់បៀវត្សរ៍ ៦ខែ ដល់គណៈកម្មាធិការជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩
រាជធានីភ្នំពេញ៖ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកទាំងឡាយដែលកំពុងប្រឈម ដោយសាជំងឺកូវីដ១៩ (COVID 19) សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបរិច្ចាគប្រាក់បៀវត្សរ៍របស់សម្តេច ចំនួន៨លានរៀលក្នុងមួយខែ រយៈពេល ៦ខែ ដោយគិតចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID 19)។នេះបើយោងតាមផេកFacebookរបស់សម្តេច។
សម្តេចប្រធានរដ្ឋសភា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទូទំាងប្រទេស បន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ពិសេសការថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានរឹងមាំ ការធ្វើអនាម័យ លាងសម្អាតដៃ ជាប្រចាំ និងត្រូវចេះតាមដានសុខភាព បើមានការសង្ស័យ ឬប្រឹក្សាជាមួយគ្រូពេទ្យជំនាញ សូមទាក់ទងទៅលេខ១១៥។
ជាងនេះទៅទៀតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអគុណចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាល មន្រ្តីសុខាភិបាល អាជ្ញាធរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ពិសេសក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំ បំពេញការងារ ដ៏លំបាកនេះ ទាំងថ្ងៃទាំងយប់ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ។
សូមឱ្យកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បានជ័យជំនះនឹងជំងឺកូវីដ១៩នេះ ក្នុងពេលឆាប់ៗខាងមុខនេះ៕