ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធជាតិផ្ទុះ ដើម្បីបាញ់សត្វព្រៃ
ខេត្តមណ្ឌលគិរី៖កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគីរី បានសម្រេចឃុំខ្លួនបុរសម្នាក់ពីបទប្រើប្រាស់អាវុធជាតិផ្ទុះដែលធ្វើឲ្យខូចខាតដល់ធនធានធម្មជាតិ តាមបញ្ញត្តិមាត្រា៦១ និងមាត្រា៥៦ បទល្មើសធនធានធម្មជាតិថ្នាក់ទី៣ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
ជនត្រូវចោទមានឈ្មោះកៅ ស៊ីយិន ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ចាប់ឃាត់ខ្លួនបាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវត្រពាំងអង្រ្គង ឋិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក ខណៈពួកគេកំពុងជិះម៉ូតូ២គ្រឿង មានបក្ខពួកចំនួន៤នាក់ កំពុងដឹកសាច់ព្រៃ ប៉ុន្តែពួកគេបានរត់គេចខ្លួនបាត់អស់ចំនួន៣នាក់។
ក្រោយការចាប់ឃាត់ខ្លួន មន្រ្តីឧទ្យានុរក្ស បានដកហូតវត្ថុតាងរួមមាន សំណាកជ្រូកព្រៃងាប់ចំនួន០១ក្បាល,សំណាកសត្វកាំប្រមាងាប់ចំនួន០១ក្បាល និងម៉ូតូចំនួន២គ្រឿងយកទៅរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការអភិរក្សបរិស្ថានត្រពាំងត្រាច រីឯសំណាកសត្វព្រៃត្រូវបានដុតកម្ទេចចោល និងកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការបន្តតាមនីតិវិធី៕