កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការលើការងារតាមជំនាញនីមួយៗក្រោមធិបតីពិភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការលើការងារតាមជំនាញនីមួយៗ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេការរង ជានាយសេនាធិការ មេការរងទទួលជំនាញ នាយរងសេនាធិការ នាយ នាយរងការិយាល័យ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថជាច្រើនរូប។ កិច្ចប្រជុំនេះធ្វើឡើងព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។
ក្នុងកិច្ចប្រជុំនេះផងដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានបញ្ជាក់ថា៖ យោងតាមបទបញ្ជារបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា មេ / ការ អ.ហ.ផ.ទ បានដាក់បទបញ្ជាឲ្យអាវុធហត្ថទូទាំងប្រទេសយកចិត្តទុកដាក់ក្នុងការដាំដុះដំណាំទូទៅ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់លើការហូបចុកប្រចាំថ្ងៃ។ ដោយឡែកនៅក្នុងកិច្ចប្រជុំព្រឹកនេះដែរ លោក ឧ/ត្រី បោន ប៊ិន មេ/ការ បានដាក់ផែនការឲ្យមេ/ការ មូលដ្ឋានក្រុង-ស្រុក និងការិយាល័យជំនាញចំណុះបញ្ជាការដ្ឋាន អ.ហ ខេត្ត ត្រូវតែដាំដំណាំគ្រាប់ប្រភេទ និងចិញ្ចឹមសត្វផងដែរ។
ជាកិច្ចបញ្ចប់លោក ឧ/ត្រី មេ/ការ បានផ្ដាំផ្ញើដល់កម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមេរោគកូរ៉ូណា (COVID-19) ថ្វីត្បិតតែប្រទេសកម្ពុជាយើងមានការថយចុះនៃការឆ្លងក៏ពិតមែន ប៉ុន្តែនៅលើពិភពលោកមិនទាន់រកឃើញវ៉ាក់សាំង ឬថ្នាំព្យាបាលនៅឡើយទេ ដូច្នេះសូមកងកម្លាំងទាំងអស់ត្រូវតែធ្វើអនាម័យជាប្រចាំ និងពាក់ម៉ាស់ លាងសម្អាតដៃនឹងទឹកអាល់កុលឬជែល ដើម្បីការពារនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩នេះ៕