ប្រកាសផ្ទេរ និងចូលកាន់ដំណែង រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី
រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់ដំណែង រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅទីស្តីការក្រសួងធម្មកានិងសាសនា។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់អង្គពិធីនូវក្តីនឹករលឹក និងបានកោតសសើរដល់ ឯកឧត្តម ហ៊ឹម ឆែម ដែលបានដឹកនាំស្ថាប័នកន្លងមកសម្រេចបានលទ្ធផលគួរជាទីមោទនៈ តាមរយៈ សកម្មភាពនានា ការរៀបចំបង្កើតឲ្យមានកម្មវិធីជាច្រើន ក្នុងនោះកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម និងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា បានសម្តែងធម្មទេសនា និងការអប់រំដល់ពុទ្ធបរិស័ទ មន្ត្រីរាជការ និស្សិត សិស្សានុសិស្សមកពីគ្រឹះស្ថានអប់រំនានា ចូលរួមស្តាប់ និងសាកសួរ ដើម្បីបញ្ជ្រាបការអប់រំឲ្យផ្លូវចិត្តឲ្យមានការស្ងប់ស្ងាត់ល្អ រួមជាមួយនឹងការបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ អាចារ្យរិនី ខ្មែរផងដែរ ដោយបានធ្វើការចាក់ផ្សាយតាមស្ថានីយ៍វិទ្យុ និងទូរទស្សន៍ រដ្ឋនិងឯកជន ផងដែរ ។
លោកជំទាវក៏បានបន្តទៀតថា ក្នុងស្ថានភាពបច្ចុប្បន្នដែលមានការឆ្លង និងរាតត្បាតដោយជំងឺកូវីដ-១៩ នៅទូទាំង ពិភពលោក ក៏បានឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការ និងសាសនា ត្រូវយកចិត្តទុក្ខដាក់ខិតខំផ្សព្វផ្សាយ ឱ្យសាសនិក គ្រប់សាសនាទាំងអស់ចូលរួមបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺ Covid-19 តាមការណែនាំរបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ៕