អាជ្ញាធរខេត្តតៃនិញ ប្រទេសវៀតណាម នាំយកសម្ភារៈសុខាភិបាល ការពារជំងឺឆ្លងកូវីដ១៩ ប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖នៅរសៀលថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.៣៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកនាយករដ្ឋបាលសាលាខេត្ត, លោកស្នងការរងនគរបាលខេត្ត លោកប្រធានទីស្នាក់ការ និងកម្លាំងសមត្ថកិច្ចច្រកទ្វារព្រំដែន បានអញ្ជើញទទួលសម្ភារៈសុខាភិបាល ការពារជំងឺឆ្លងកូវីដ១៩ ដែលឧបត្ថម្ភដោយអាជ្ញាធរខេត្តតៃនិញ ប្រទេសវៀតណាម ស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ។
ចំណែកខាងអាជ្ញាធរខេត្តតៃនិញ ប្រទេសវៀតណាម ដែលអមដំណើរ លោក ង្វៀន ថាញ់ង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមមាន:លោកនាយករងមន្ទីរការបរទេសខេត្ត , មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្ត, មេបញ្ជាការរងយោធាខេត្ត, នាយករងនគរបាលខេត្ត, មន្ទីរសុខាភិបាលខេត្ត។
ដោយឡែកអំណោយដែលឧបត្ថម្ភឱ្យរដ្ឋបាលខេត្តស្វាយរៀងរួមមាន៖ម៉ាស់ចំនួន៣០.០០០ ម៉ាស់ និងទឹកជែលលាងដៃចំនួន ២៤០ដប ចំណុះ៥០០មីលីលីត្រ។
នាឱកាសនោះលោក សុខ រស់ អភិបាលរងខេត្ត បានថ្លែងគុណចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចូលរួមចំណែកចែករំលែកនូវអំណោយការពារជំងឺឆ្លងកូវិដ១៩ ជាមួយរដ្ឋបាលខេត្តស្វាយរៀង ដែលបង្ហាញឲ្យឃើញពីការសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ស្វាយរៀង-តៃនិញ ជួយគ្នា ក្នុងគ្រាលំបាកដែលសកលលោកកំពុងជួបនូវស្ថានភាពជម្ងឺកូវីដ១៩នេះ៕