សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ទិសដៅបន្តត្រីមាសទី២ និងត្រៀមរៀបចំទិវា៨ ឧសភា ឆ្នាំ២០២០
ខេត្តកំពត៖ឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ០២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២០ ដឹកនាំចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ទិសដៅបន្តត្រីមាសទី២ និងត្រៀមរៀបចំទិវា៨ ឧសភា ឆ្នាំ២០២០ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត។
ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានគណៈកម្មាធិការសាខា និងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងលោក លោកស្រី ប្រធានកិត្តិយស លោក លោកស្រីប្រធានគណៈកម្មាធិការ អនុសាខាក្រុង ស្រុកទាំង៨ មន្ត្រីប្រតិបត្តិសាខា សរុបចំនួន៣៨នាក់(ស្រី១០នាក់)។
នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអំណរអរគុណដល់ក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុង ស្រុក ដែលកន្លងមកបានធ្វើការឆ្លើយតបគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ បានទាន់ពេលវេលា និងខិតខំបន្តអនុវត្តសកម្មភាពការងារមនុស្សធម៌ឱ្យបានកាន់ល្អប្រសើរជាងនេះ និងបានជម្រុញឱ្យសាខា អនុសាខាក្រុង ស្រុក ខិតខំកៀរគរដល់សប្បុរសជនចូលរួមជាសម្ភារ និង ថវិកា ដើម្បីចូលរួមខួបទី១៥៧ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ " ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា "។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តប្រធាន ក៏សូមឲ្យមន្ត្រីប្រតិបត្តិសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត ដែលជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ សូមបន្តតាមដានព័ត៌មានយ៉ាងជាប់លាប់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន រួមគ្នាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ ហើយសូមយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់ចំណេះដឹង និងបន្តចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល៕