សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិអំពាវនាវ ឲ្យបងប្អូនជនរួមជាតិបន្តប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ក្នុងការការពារខ្លួនពីជំងឺកូវីដ១៩
រាជធានីភ្នំពេញ៖ទោះបីជាងមួយសប្តាហ៍មកហើយដែល ប្រទេសយើងពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មី ប៉ុន្តែយើងមិនត្រូវធ្វេសប្រហែសនិងភ្លេចខ្លួនពីការការពារពីជំងឺនេះនោះទេ។
នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ ដែលបានបង្ហោះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ។
ក្នុងនោះសម្តេចបានអំពាវនាវឲ្យបងប្អូនជនរួមជាតិបន្តប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការការពារខ្លួនពីជំងឺកូវីដ១៩ មិនត្រូវធ្វេសប្រហែសនិងភ្លេចខ្លួនពីការការពារពីជំងឺនេះនោះទេ។សូមបងប្អូន កូនក្មួយទាំងអស់ បន្តរក្សាការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការការពារខ្លួន កុំឲ្យជំងឺនេះឆ្លងមកលើខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិរបស់យើងទៀត។
សូមបងប្អូនអនុវត្តឲ្យខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវធ្វើអនាម័យខ្លួនប្រាណជាប្រចំា ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលលាងដៃ ហើយពេលធ្វើដំណើរត្រូវពាក់ម៉ាស់ និងមិនត្រូវធ្វើការជួបជុំមនុស្សច្រើននោះឡើយ។
ហើយបើដឹងថា ខ្លួនមកពីកន្លែងដែលមានការឆ្លងរីករាលដាលជំងឺនេះ ឬបានប៉ះពាល់អ្នកជំងឺនោះ សូមរក្សាខ្លួនដាច់ពីគេរយៈពេល១៤ថ្ងៃ និងបើមានបញ្ហាអ្វីមិនស្រួលសូមទាក់ទងជាបន្ទាន់ទៅកាន់លេខ១១៥។
ជាងនេះទៅទៀតសម្តេចបានថ្លែងគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភាទាំងអស់ ដែលបានបរិច្ចាគថវិកាចូលរួមជាមួយគណៈកម្មាធិការជាតិប្រយុទ្ធជំងឺកូវីដ១៩ និងបានចុះអប់រំ ផ្សព្វផ្សាយ ចែកម៉ាស់ អាល់កុល និងសម្ភារៈមួយចំនួនទៀត ដល់ពលរដ្ឋឲ្យបានយល់ដឹង និងមានមធ្យោបាយការពារពីជំងឺនេះ និងសូមសមាជិក សមាជិកាទាំងអស់បន្តសកម្មភាពនេះទៀត ក្នុងការប្រយុទ្ធប្រឆំាងវីរុសកូរ៉ណានេះ។
ក្នុងនោះសម្តេចថ្លែងគុណផងដែរ ចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវវិធានការនានាប្រកបដោយភាពម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ជំងឺនេះទាន់ពេលវេលា៕