សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដឹកនាំសមាជិក ចែកសម្ភារសម្រាប់យុទ្ធនាការផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ប្រយុទ្ធជំងឺកូវីដ-១៩(COVID-19)
ខេត្តស្ទឹងត្រែង៖ឯកឧត្ដម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានគណៈកម្មការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩(COVID-19)ខេត្តស្ទឹងត្រែង កាលពីរសៀល ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីចែកសម្ភារៈសម្រាប់យុទ្ធនាការផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ប្រយុទ្ធជំងឺកូវីដ-១៩(COVID-19)។
ពិធីនេះប្រព្រឹត្តទៅនៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានកិត្តិយស លោក លោកស្រី សមាជិក សមាជិកាសាខា លោក នាយកប្រតិបត្តិសាខា និងមន្រ្តីមន្ទីរសុខាភិបាលខេត្តជាច្រើនរូបផងដែរ។
នាឱកាសនោះឯកឧត្តមប្រធាន បានមានប្រសាសន៍ កោតសរសើរបំផុតចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលជាអ្នកប្រយុទ្ធជួរមុខ ដែលខិតខំទាំងកម្លាំងកាយចិត្តទប់ស្កាត់ និងត្រៀមបង្ការចំពោះជំងឺឆ្លងដ៏ កាចសាហាវ នេះ។ក្នុងឱកាសនោះដែរឯកឧត្តម ក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យទាំងអស់សហការ ជាមួយអាជ្ញាធរភូមិ ឃុំ ចុះអប់រំ ណែនាំនូវវិធានការអំពីការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ទៅដល់លោកតា លោកយាយ និងប្រជាពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេស សូមមានការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា សម្ភារៈដែលប្រគល់ជូននាពេលនោះជាអំណោយរបស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមមាន៖ជូនក្រុមគ្រូពេទ្យប្រចាំការផ្ទះស្នាក់ដោយឡែកនូវអាល់កុលចំនួន៤០លីត្រ សាប៊ូ Protex ១០០ដុំ,ជូនក្រុមអប់រំ និងផ្សព្វផ្សាយរបស់មន្ទីរសុខាភិបាលខេត្តនូវអាល់កុលចំនួន២០លីត្រ សាប៊ូ Protex ១០០ដុំ, ជូនមណ្ឌលសុខភាពទាំង១៤នូវ ឧបករណ៍បំពងសំឡេង១៤គ្រឿង ម៉ាស៊ីនបាញ់កំដៅចំនួន១៥គ្រឿង ជូនដល់ក្រុមមន្រ្តីឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត ព្រមទាំងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន៦គ្រឿងផងដែរ៕