លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជួបសណេះសំណាល និងចែកអំណោយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ ក្រុងតាខ្មៅ
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះសាកសួសុខទុក្ខ និងចែកអំណោយជូន ប្រជាពលរដ្ឋក្រីក្រ ចំនួន៣០គ្រួសារ តាមខ្នងផ្ទះ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយមានការចូលរួមពី អជ្ញាធរភូមិ ឃុំ និងមន្ត្រីពាក់ព័ន្ធនានា។
សូមជម្រាបដែរថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង៣០គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡក្រាម សាប៊ូ ៤ដុំ និងក្រមា១។
ក្នុងឱកាសនោះ លោកជំទាវអភិបាលរងខេត្ត បានផ្សព្វផ្សាយ ណែនាំ ដល់ប្រជាពលរដ្ឋ អំពីការធ្វើអនាម័យដើម្បីបង្ក និងទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ត្រូវលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុលកាត់បន្ថយការចេញក្រៅ និងការជួបជុំគ្នាប្រសិនបើគ្មានការចាំបាច់។
លោកជំទាវបានបន្តថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋចេញក្រៅត្រូវពាក់ម៉ាស ឬរុំក្រមាជានិច្ច ហើយត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើមានអាការៈគួឲ្យសង្ស័យ ដូចជាក្តៅខ្លួន ក្អក និងពិបាកដកដង្ហើមជាដើម ហើយក្នុងករណីមានប្រជាពលរដ្ឋណាដែលទើបត្រឡប់ពីបរទេសត្រូវរាយការណ៍ទៅអាជ្ញាធរភ្លាមៗ ដើម្បីធ្វើការពិនិត្យជៀសវាងការឆ្លងជំងឺកូវីដ-១៩។
លោកជំទាវក៏បានក្រើនរំលឹកដល់អជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យជំនាញត្រូវបន្ត ធ្វើការផ្សព្វផ្សាយអប់រំ នៅតាមមូលដ្ឋានជាពិសេស នៅតាមទីប្រជុំជន និងទីសាធារណៈឲ្យបានផុលផុស អំពីវិធានការ ទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ-១៩ផងដែរ៕