ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ប្រគល់អំណោយជាថវិកា ជូនរដ្ឋបាលខេត្តស្វាយរៀង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយជាថវិកា ចំនួន៤.៥០០.០០០រៀល (បួនលានប្រាំសែនរៀល) ពីលោក ឡុង សុខុម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរាជការ បុគ្គលិក និយោជិតអង្គភាពរដ្ឋាករទឹក នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ដើម្បីចូលរួមចំណែកដល់គណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ខេត្ត។
ក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអរគុណចំពោះ លោក ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្វាយរៀងព្រមទាំងមន្ត្រីរាជការ បុគ្គលិក និយោជិតអង្គភាពរដ្ឋាករទឹក ដែលបានចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដល់រដ្ឋបាលខេត្ត សម្រាប់គាំទ្រការងារប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលនេះជាកាយវិការប្រកបដោយសប្បុរស និងជាវប្បធម៌នៃការចែករំលែកជួយគ្នាក្នុងគ្រាលំបាក។
ជាងនេះទៅទៀតឯកឧត្តមបញ្ជាក់ថា ថវិកានេះ រដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់បម្រើឲ្យសកម្មភាពនានានៅមូលដ្ឋាន រួមទាំងការងារផ្សព្វផ្សាយអប់រំពីវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងមួយនេះផងដែរ រួមទាំងការងារសង្គម ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់នៅមូលដ្ឋាន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលទោះជាក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រស់នៅដោយអត់ស្បៀង ឬអាហារសម្រាប់បរិភោគនោះឡើយ៕