ជនសង្ស័យ២នាក់ ដែលជាប់ពាក់ពន្ធ័ករណីលួច ដោយមានស្ថានទម្ងន់ទោស(ឆក់កាបូប) ត្រូវបានកម្លាំងនគរបាល ខេត្តបាត់ដំបងឃាត់ខ្លួន
ខេត្តបាត់ដំបង៖បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីលួចដោយមានស្ថានទម្ងន់ទោស(ឆក់កាបូប) ពីជនរងគ្រោះឈ្មោះ ឯក សារានី ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដែលក្នុងនោះមានប្រាក់ និងសំភារ:មួយចំនួនផងក្នុងពេលជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវ កាលពីវេលាម៉ោង៨និង២០នាទីថ្ងៃអង្គារ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ខែ មេសា ឆ្នាំ២០២០ នៅចំណុចឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងនោះ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅលោកឧត្តនសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ ដើម្បីធ្វើការងារនេះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានដឹកនាំកម្លាំងនគរបាលក្នុងផែនដែលមានការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល មានលោកវរសេនីយ៍ទោ ឈឿង គឹមសុង ជានាយការិយាល័យ ចូលរួមជាមួយនគរបាលស្រុកសង្កែ ដែលមានលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណជាអធិការនរបាលស្រុក ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់នាវេលាម៉ោង ១៥និង២០នាទីនាថ្ងៃខែ ឆ្នាំដដែល។
ជនសង័្សយទាំង២នាក់ដែលត្រូវឃាត់ខ្លួននោះ
១-ឈ្មោះ ឡឹប ការស៊ីម ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះស៊ុប ម៉ាលិក ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបានរួមមាន៖
១-ប្រាក់ដុល្លាអាមេរិកចំនួន២០ដុល្លា(ម្ភៃដុល្លា)
២-ប្រាក់ខ្មែរចំនួន១៦០,០០០រៀល(មួយសែនប្រាំមួយម៉ឺនរៀល )
៣-កាបូបស្ពាយពណ៌ខ្មៅ ០១
៤-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០២សន្លឹក
៥-កាតATM ០១សន្លឹក
៦-អាវយឺតដៃខ្លីពណ៌ខ្មៅដែលជនសង្ស័យធ្វើសកម្មភាព០១
៧-ម៉ូតូម៉ាក ស៊ូស៊ូគី ណិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 1AK 3192 ដែលជនសង្ស័យជិះធ្វើសកម្មភាព។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន។បច្ចុប្បន្ននគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕