ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសង្កែ បានចូលរួមមូលនិធិដល់ក្រុមគ្រូពេទ្យជួរមុខ ក្នុងការថែទាំអ្នកជម្ងឺកូវីដ១៩ ក្នុងខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖លោកស្រី គង់ សារូ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសង្កែ កាលពីល្ងាចថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស១៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានចូលរួមមូលនិធិគាំទ្រដល់ក្រុមគ្រូពេទ្យជួរមុខ ក្នុងការថែទាំអ្នកជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបងនូវទឹកប្រាក់ចំនួន១ ០០០ ០០០រៀល តាមរយៈឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា រហូតមកដល់ពេលខេត្តបាត់ដំបងបានទទួលបានជោគជ័យក្នុងការព្យាបាលអ្នកជំងឺទាំង០៨នាក់ដែលមានផ្ទុកនៅជំងឺកូវីដ-១៩ឱ្យជាសះស្បើយ ហើយក្រុមគ្រូពេទ្យបានឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញហើយ។
ឯកឧត្តមក៏បានបន្តទៀតថា ទោះបីខេត្តបាត់ដំបង បានទទួលជោគជ័យក្នុងការព្យាបាលអ្នកជំងឺទាំងនោះ ឱ្យជាសះស្បើយក៏ដោយ ក៏ក្រុមគ្រូពេទ្យ និងអាជ្ញាធរខេត្តបាត់ដំបង នៅតែបន្តចាត់វិធានការដ៏ម៉ឺងម៉ាត់ក្នុងការបង្ការ និងទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។
ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់លោកស្រី គង់សារូ ប្រធានក្រុមប្រឹក្សាភិបាល សហគមន៍កសិកម្មសង្កែ ដែលបានចូលរួមមូលនិធិ គាំទ្រដល់ក្រុមគ្រូពេទ្យជួបមុខក្នុងការថែទាំអ្នកជំងឺកូវីដ-១៩ នូវថវិកាចំនួន១,០០០,០០០រៀលនៅក្នុងខេត្ត បាត់ដំបងក៏ដូចជាបណ្ដាក្រុមហ៊ុនផ្សេងៗព្រមទាំង សប្បុរសជនទាំងអស់ដែលតែងតែចូលរួមបរិច្ចាគ ទាំងសម្ភារៈ និងថវិកាក្នុងការចូលរួម ប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺវីរុសកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តបាត់ដំបង៕