អភិបាលខេត្តប៉ៃលិន នាំយកសម្ភារបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ប្រគល់ជូនគ្រូពេទ្យជួរមុខ នៅតាមមន្ទីរពេទ្យបង្អែក
ខេត្តប៉ៃលិន៖នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បាននាំយកសម្ភារបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ប្រគល់ជូនគ្រូពេទ្យជួរមុខ នៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាព ក្នុងខេត្តប៉ៃលិន ដើម្បីចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺនេះ។
សម្ភារបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនប្រគល់ជូនដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្ត រួមមាន៖មន្ទីរពេទ្យបង្អែកខេត្ត ទទួលបានម៉ាសចំនួន១០០០ម៉ាស និងមណ្ឌលសុខភាព ទាំង០៦ក្នុងខេត្ត ដោយមណ្ឌលសុខភាពនីមួយៗ ទទួលបានម៉ាសចំនួន២០០ម៉ាស ជេលលាងសម្អាតដៃ ចំនួន០៥ដប និងឧបករណ៍វាស់កំដៅ ចំនួន០១ផងដែរ។
ក្នុងឱកាសនោះឯកឧត្តម បានកោតសរសើរចំពោះក្រុមគ្រូពេទ្យជំនាញដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យតាមដានសុខភាពជូនប្រជាពលរដ្ឋ ព្រមទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានោះដែរ លោក ស្លេះ យូ ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្ត បានអំពាវនាវប្រជាពលរដ្ឋ ដែលមានការសង្ស័យ មានផ្ទុកមេរោគកូវីដ១៩ ទៅធ្វើតេស្តនៅមន្ទីរពេទ្យបង្អែកខេត្ត ជាពិសេសចំពោះប្រជាពលរដ្ឋ និងប្រជាពលករ ដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញ។
ទន្ទឹមនោះលោកជំរុញឱ្យពលរដ្ឋស្តាប់តាមការណែនាំ និងសារអប់រំសំខាន់ៗរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕