កុមារចំនួន០៣នាក់ នាំគ្នាជិះកង់ទៅរាវគ្រុំ នៅចំណុចបឹងរលួស ត្រូវលង់ទឹកស្លាប់យ៉ាងអាណោចអធម
ខេត្តកណ្តាល៖ពិតជាអាណោចអធមខ្លាំងណាស់ កុមារចំនួន០៣នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីនាំគ្នាជិះកង់ទៅរាវគ្រុំ នៅចំណុចបឹងរលួស ស្ថិតនៅក្នុងភូមិពង្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង០៣នាក់ដែលបានស្លាប់បាត់បង់ជីវិតរួមមាន៖
១-ឈ្មោះ អេង ស៊ាងលី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបជាសិស្ស។
២-ឈ្មោះ អុល សត្យា ភេទប្រុស អាយុ១២ឆ្នាំ មុខរបជាសិស្ស។
៣-ឈ្មោះ ជួប តុលា ភេទប្រុស អាយុ១១ឆ្នាំ មុខរបរជាសិស្ស។ជនរងគ្រោះទាំង៣នាក់ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ពញាពន់ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបន្តថា នៅមុនកើតហេតុក្មេងប្រុសទាំង៣នាក់ បាននាំគ្នាជិះកង់ទៅរាវគ្រុំ នៅក្នុងទឹកបឹងរលួស ស្ថិតនៅភូមិ ឃុំ ស្រុក ខាងលើដោយឪពុកម្តាយ បានបាត់កូនយូរពេក ក៏បាននាំគ្នាដើររកកូនរបស់ខ្លួនប៉ុន្តែរកពុំឃើញ លុះរហូតដល់វេលាកើតហេតុខាងលើឪពុកម្តាយបាននាំបងប្អូន និងអ្នកនៅជិតខាងដើររកកូនម្ដងទៀត នៅតែមិនឃើញក្នុងខណៈពេលនោះឪពុកជនរងគ្រោះ និងអ្នកជិតខាងបាននាំគ្នាចុះទៅរាវរកជនរងគ្រោះនៅក្នុងទឹកបឹងរលួស រួចហើយបានប្រទះឃើញជនរងគ្រោះទាំង៣នាក់នោះ លង់ទឹកស្លាប់តែម្តង។
ក្រោយមកឪពុកម្តាយ បាននាំយកសពទៅធ្វើបុណ្យតាមប្រពៃណី៕