បុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ទាំងអង្គុយផ្អែកលើម៉ូតូ គ្រាដែលត្រឡប់មកពីច្រូតស្មៅគោ
ខេត្តបាត់ដំបង៖ពិតជាអាណោចអាធមខ្លាំងណាស់ ខណៈដែលកំពុងជិះម៉ូតូត្រឡប់មកពីច្រូតស្មៅគោវិញ ក៏ត្រូវរន្ទះបាញ់ស្លាប់ទាំងអង្គុយផ្អែកលើម៉ូតូ កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នំា២០២០ នៅទឹកដីថៃជាប់ចំណុចភូមិព្រះពុធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ឈឿន ជា សញ្ជាតិខ្មែរ អាយុ៤៧ឆ្នាំ មានទីលំនៅភូមិ ឃុំ ខាងលើ។បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចូលក្នុងទឹកដីថៃ ចម្ងាយ៥០០ម៉ែត្រពីព្រំដែនច្រកតំបន់បឹងឆ្នាំងស្រុកកំរៀង ដើម្បីច្រូតស្មៅឲ្យគោស៊ី លុះច្រូតស្មៅបានមួយបាវក៏បានលើកដាក់លើម៉ូតូដឹកត្រឡប់មកផ្ទះវិញ នៅពេលដែលជិះជិតឆ្លងព្រំដែនចូលកម្ពុជា បានចម្ងាយជិត៥០០ម៉ែត្រ ក៏ស្រាប់តែមានភ្លៀងរលឹម និងខ្យល់បោកបក់យ៉ាងខ្លាំងធ្វើឲ្យជនរងគ្រោះឈប់ម៉ូតូជ្រកក្រោមដើមឈើ ក៏ស្រាប់តែរន្ទះបាញ់ត្រូវជនរងគ្រោះធ្លាក់ពីលើម៉ូតូស្លាប់ទាំងអង្គុយផ្អែកម៉ូតូយ៉ាងអាណោចអាធមជាទីបំផុត។
ក្រោយពីកើតហេតុក្រុមគ្រួសារ សាច់ញាតិបានដឹកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕