រដ្ឋបាលខេត្តកំពត បន្តប្រគល់អំណោយឆ្លើយតបយុទ្ធនាការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងខេត្ត
ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំជូត ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បានបន្តប្រគល់ជូននូវសម្ភារៈ បរិក្ខារ ដើម្បីបម្រើសកម្មភាពឆ្លើយតបយុទ្ធនាការ បង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ សម្រាប់ដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងខេត្តបន្ថែមទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាពជំងឺឆ្លងកូវីដ១៩ បាននឹងកំពុងរីករាលដាលក្នុងពិភពលោក ហើយបញ្ហានេះគឺជាបន្ទុកដ៏លំបាកធ្ងន់ធ្ងរ សម្រាប់នៅកម្ពុជាយើងផងដែរ។
នៅក្នុងស្ថានការណ៍ដ៏លំបាកធ្ងន់ធ្ងរនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងយកចិត្តទុកដាក់ដើម្បីដោះស្រាយ នូវបញ្ហាដ៏លំបាកនេះ។ដូច្នេះដើម្បីរួមចំណែកការលំបាក ជាមួយរាជរដ្ឋាភិបាល ក្នុងស្ថានការណ៍ដ៏ធ្ងន់ធ្ងរនេះ រដ្ឋបាលខេត្តកំពត នារយៈពេលកន្លងមក តែងបានយកចិត្តទុកដាក់ ដោះស្រាយ ផ្ដល់ស្បៀងអាហារទំនុកបម្រុងជូនដល់ប្រជាពលរដ្ឋប្រឈមការខ្វះខាត រួមនិងសម្ភារៈវេជ្ជសាស្ត្រ មួយចំនួនទៀតជាបន្តបន្ទាប់ ដែលបម្រើឱ្យសកម្មភាពប្រយុទ្ធបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលក្នុងនោះបានធ្វើការបែងចែកសម្រាប់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តចំនួន២លើករួចមកហើយផងដែរ។
ដោយឡែកជាការជាក់ស្ដែងការបែងចែកប្រគល់ជូននូវ អំណោយសម្ភារៈ បម្រើដល់សកម្មភាពប្រយុទ្ធ បង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនាពេលនេះគឺ គឺជាលើកទី៣ហើយ។ឯកឧត្តមអភិបាលខេត្តបន្តថា សកម្មភាពទាំងអស់នេះ គឺមិនអាចខ្វះបានពីការចូលរួមរបស់សប្បុរសជន ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមហ៊ុនសហគ្រាសនានា ដែលគិតមកដល់ពេលនេះ ជំនួយឧបត្ថម្ភរបស់សប្បុរសជនក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ ជូនដល់រដ្ឋបាលខេត្តគិតជាថវិកាសរុបចំនួន១៩.៥០០ដុល្លារ និង១៥លាន៩សែនរៀល រួមនិងគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខារវេជ្ជសាស្រ្តមួយចំនួនបម្រើដល់សកម្មភាពប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ១៩បានឆ្លើយតបយ៉ាងល្អប្រសើរផងដែរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្ត និងបុគ្គលិក គ្រូពេទ្យទាំងអស់ក្នុងខេត្តដែលតែងតែបានយកចិត្តទុកដាក់ រួមដៃគ្នាជាមួយរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធ ក្នុងតួនាទីភារកិច្ចវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌របស់គ្រូពេទ្យ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពតយ៉ាងសស្រាក់សស្រាំ។
អំណោយ សម្ភារៈដែលបានធ្វើការបែងចែកប្រគល់ជូន នាពេលនេះ ក្នុងនោះសម្រាប់មន្ទីរពេទ្យបង្អែកសរុបចំនួន៥ មានធុងបាញ់ថ្នាំសម្លាប់មេរោគសរុបចំនួន១០ ម៉ាស២៥ប្រអប់ទឹកសាប៊ូលាងដៃ១០ធុង ឧបករណ៍សម្រាប់ស្ទង់កំដៅ៥ សម្រាប់មណ្ឌលសុខភាពចំនួន៦៤ បានប្រគល់ជូនម៉ាស់សរុប១៩២ប្រអប់ អាកុល៣២០លីត្រ និងឧបករណ៍សម្រាប់ស្ទង់កំដៅចំនួន៦៤ផងដែរ៕