សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនជូនដល់ មជ្ឈមណ្ឌលកុមារកំព្រាខេត្ត
ខេត្តសៀមរាប៖លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ បានដឹកនាំសមាជិក សមាជិការអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនជូនដល់ មជ្ឈមណ្ឌលកុមារកំព្រាខេត្ត ភូមិជ័យ សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប ដែលមានកុមារកំព្រាចំនួន៣៧នាក់ នៅក្នុងមជ្ឈមណ្ឌលនេះផងដែរ។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធាន តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចប្រធានតែងបានគិតគូរខ្ពស់បំផុតដល់បងប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាក់ស្ដែងនៅក្នុងស្ថានភាព ដែលពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផង កំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី (COVID-19) សម្ដេចប្រធាន បានណែនាំដល់គណៈកម្មាធិការសាខាទាំង២៥រាជធានី/ខេត្ត យកចិត្តទុកដាក់ពិនិត្យមើលការខ្វះខាតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដូចជា៖ជនចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា អ្នកមានជំងឺរ៉ាំរ៉ៃ ជាដើម។
ក្នុងឱកាសនោះដែរលោកជំទាវអនុប្រធាន និងក្រុមប្រតិបត្តិសាខា ក៏បានធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” និង “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ដល់ប្អូនៗកុមារនៅក្នុងអង្គការនេះផងដែរ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនរួមមាន៖សាប៊ូ១កេស(៧២ដុំ) ,អាល់កុល៥លីត្រ,ម៉ាស់៣ប្រអប់,ភួយ៣៧,អាវយឺត៤៥,ក្រមា៤៥,អង្ករ១៥០គីឡូក្រាម,មី១២កេស,ត្រីខ៦យួរ,ទឹកស៊ីអ៊ីវ៦យួរ និងថវិកាមួយចំនួនផងដែរ៕