សម្ដេចក្រឡាហោម ស ខេង ប្រគល់រថយន្ត ជូនស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការពារជំងឺកូវីដ១៩ ជូនអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការពារជំងឺកូវីដ១៩ ជូនអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងហាផ្ទៃ។
នាឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថាក្រសួងបានទទួលជំនួយសប្បុរសធម៌ជាប្រាក់រៀលចំនួន៥៦លាន២០ពាន់រៀល ប្រាក់ដុល្លារចំនួន១៧៣៩០ដុល្លារ និងជាសម្ភារ ម៉ាស់ចំនួន៧០ម៉ឺនបន្ទះ សាប៊ូជា៣២ម៉ឺន៨ពាន់ដុំ អាល់កុល១ម៉ឺន៥ពាន់លីត្រ ជែលលាងដៃ១៧៨៣ដប អាល់កុលដបចំណុះ១០០មីលីលីត្រ១ពាន់ដប អាល់កុលចំណុះ៧៥មីលីលីត្រ៥៥៥ដប ឧបករណ៍ស្ទង់កំដៅ៥០០គ្រឿង ស្រោមដៃ៣ពាន់គូ ថ្នាំសម្លាប់មេរោគ៥៨០០ដប។
ឯកឧត្តមបន្តថា សម្ភារទាំងអស់នេះ នឹងត្រូវបែងចែងជូនមន្រ្តីចំនួន១០១ពាន់៤១៨នាក់ក្នុងអង្គភាពចំនួន១៦ រួមមានៈម៉ាស់២៩០ពាន់៧០បន្ទះអាល់កុល១០ពាន់១៤៤លីត្រ សាប៊ូ១៦៤ពាន់៣០២ដុំ ឧបករណ៍ស្ទង់កំដៅ៤៨៣គ្រឿង។ដោយឡែកសម្រាប់រថយន្តត្រូវបែងចែកជូនស្នងការរាជធានីខេត្ត សម្ដេចក្រឡាហោម នឹងបន្តផ្ដល់រថយន្ត៥០គ្រឿងទៀតដល់ស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន ដោយផ្ដល់អាទិភាពជូនអធិការនគរបាលស្រុកជាប់ព្រំដែន។ច្នេះគិតត្រឹមបច្ចុប្បន្ន មានអធិការដ្ឋានក្រុង ស្រុកចំនួន៥៣បានបំពាក់រថយន្តរួចរាល់ និងនៅសល់១៥០ក្រុង ស្រុក ខណ្ឌទៀត។
បន្ទាប់ពីនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយនាឱកាសនោះ ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ សម្ដេចបានថ្លែងកោតសរសើរថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាលក្រសួងមហាផ្ទៃទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានចូលរួមគាំទ្រវិធានការរបស់គណៈកម្មាធិការជាតិ និងដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ជាងនេះទៅទៀតសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មកដល់ពេលនេះ ពិភពលោកមិនទាន់មានភាពធូរស្រាលពីជំងឺកូវីដ១៩នៅឡើយទេ ពីព្រោះតែអត្រាអ្នកឆ្លង និងអ្នកស្លាប់នៅតែស្ថិតក្នុងកំណើនខ្ពស់ជារៀងរាល់ថ្ងៃ។ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ពេលនេះមិនទាន់មានអ្នកជំងឺណាម្នាក់ស្លាប់នៅឡើយទេ ដោយសារគ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ ទាំងរាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធតទល់នឹងជំងឺកូវីដ១៩នេះ៕