ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន
ខេត្តបាត់ដំបង៖ដោយអនុវត្តតាមការនាំពីឯកឧត្តមឧត្តមសេនីយ៍ទោអ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងមានការការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលស្រុកឯកភ្នំ កាលពីថ្ងៃ អង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុក បានជម្រុញដឹកនាំកម្លាំចុះបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណីក្នុងមូលដ្ឋានឃុំព្រែកខ្ពប ស្រុកឯកភ្នំ ដោយកម្លាំងផ្នែកជំនាញរបស់នគរបាលស្រុក និងមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកខ្ពប ចូលរួមអនុវត្តក្នុងនោះបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០២នាក់ភេទប្រុសភ្លាមៗ ហើយដោយបានការចូលរួមសហការណ៍ពីកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនមនុស្សចំនួន០១នាក់ ភេទប្រុសបន្ថែមទៀតសរុបចំនួន០៣នាក់ ដែលជាជនសង័្សយក្នុងករណីនេះ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាកដែលត្រូវឃាត់ខ្លួនរួមមាន៖
១- ឈ្មោះ ឆេង ធូ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
២- ឈ្មោះ ទី វាសនា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៣- ឈ្មោះ សុខ ស៊ីណាន ហៅ ព្រលិត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ផ្លាស្ទិច ពណ៌សថ្លា សង្ស័យមានសារធាតុញៀនសរុបចំនួន០៧ថង់។
-ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន។
-ទូរស័ព្ទដៃចំនួន០២គ្រឿង។
ក្រោយធ្វើការសាកសួរស្រាវជ្រាវបច្ចុប្បន្នកម្លាំងនគរបាលស្រុកឯកភ្នំបានបញ្ជូនជនសង័្សយទាំង០៣នាក់ព្រមទាំងវត្ថុតាងមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕