សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់គ្រួសាររងគ្រោះ ដោយសារភ្លើងឆេះផ្ទះចំនួន៤គ្រួសារ នៅសង្កាត់ស្ទឹងវែង
ខេត្តកោះកុង៖នៅព្រឹកថ្ងៃច័ន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកក្រកកម្ពុជា ខេត្តកោះកុង បានចាត់លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយអនុសាខាសាខាកាកបាទក្រហម ក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាក្រុង និងសហការី សហការជាមួយ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះ ដោយសារភ្លើងឆេះផ្ទះចំនួន៤គ្រួសារ ក្នុងនោះខូចខាតទាំងស្រុងចំនួន១គ្រួសារ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ការនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់គ្រួសាររងគ្រោះនេះ បានធ្វើឡើងក្រោយពីទទួលបានព័ត៌មានថា មានអគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋអស់ចំនួន៤គ្រួសារកាលពីវេលាម៉ោងជាង៤ល្ងាច នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។
នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារ ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេស សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយជាមួយបងប្អូនម្ចាស់ផ្ទះដែលរងគ្រោះដោយសារភ្លើងឆេះ បណ្តាលអោយបាត់ បង់ផ្ទះ និងទ្រព្យសម្បត្តិផ្សេងៗទៀត។សម្ដេចក៏តែងតែមាន ការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ដោយសារគ្រោះអគ្គីភ័យផ្សេងៗ នារដូវប្រាំងនេះ ដែលអាចកើតឡើងបានគ្រប់ពេល នឹងសូមអោយបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗ។
អំណោយដែលសាខាផ្តល់ជូន៣គ្រួសាររងគ្រោះរួមមាន៖អង្ករ២៥គ.ក,តង់១,មី១កេស,មុងជ្រលក់ថ្នាំ១,ទឹកបរិសុទ្ធ១កេស,ធូបមូស៤ប្រអប់,ថ្នាំបាញ់មូស២កំប៉ុង,កំសៀវ១,កញ្ច្រែងជ័រ១ និងថវិកាចំនួន ២០០,០០០រៀលដូចគ្នា។
ចំពោះគ្រួសាររងគ្រោះខូចខាតទាំងស្រុងទទួលបាន៖អង្ករ៥០គ.ក,តង់១,មី១កេស,ឃីត១ឈុត ( ភួយ ក្រម៉ា ខ្នើយ កន្ទេល ) មុងជ្រលក់ថ្នាំ១,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ប្រេងឆា៦ដប,សម្ភារៈផ្ទះបាយ១ឈុត,ធុងទឹក១ធុង,ទឹកបរិសុទ្ធ១កេស,ធូបមូស៤ប្រអប់,ថ្នាំបាញ់មូស២កំប៉ុង និងថវិកាចំនួន ១០០០,០០០រៀល។
ដោយឡែកលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកក្រក ខេត្តកោះកុងបានឧបត្ថម្ភបន្ថែម៖
១.គ្រួសាររងគ្រោះខូចខាតទាំងស្រុង១គ្រួសារថវិកា ២,០០០,០០០ រៀល (ពីរលានរៀល)។
២.គ្រួសាររងគ្រោះដោយអន្លើ ចំនួន៣គ្រួសារ ថវិកា ២០០,០០០រៀល (ម្ភៃម៉ឺនរៀល) ដូចគ្នា ។
ដោយឡែកថវិកាអនុសាខាកក្រក ក្រុងខេមរភូមិន្ទ ក្នុងមួយគ្រួសារៗ ទទួលបាន៥ម៉ឺនរៀល រួមនឹងថវិកាសប្បុរសជនមួយចំនួនទៀតផងដែរ៕