នគរបាលខេត្តបាត់ដំបង ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ធ័ករណីលួច មានស្ថានទម្ងន់ទោស(ឆក់កាបូប)
ខេត្តបាត់ដំបង៖ដោយតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ មន្រ្តីជំនាញ សហការជាមួយកម្លាំងនគរបាលស្រុកថ្មគោល និងកម្លាំងនគរបាលស្រុកសង្កែធ្វើការស្រាវជ្រាវរហូតដល់ម៉ោង១០និង៤០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សាន់ លី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ពាក់ពន្ធ័ករណីលួច មានស្ថានទម្ងន់ទោស(ឆក់កាបូប)។
ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ ញ៉ ជ្រី ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីវេលាម៉ោង០៧និង៤០នាទី ថ្ងៃ ខែដដែលនៅចំណុចក្រុមទី២៣ ភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង។ដោយជនសង្ស័យស្លៀកពាក់ខោអាវប៉ារ៉ា ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ស៊េរី២០១៩ ពណ៍ខ្មៅពាក់ស្លាកលេខបាត់ដំបង1AH 4465។
ក្រោយពីឃាត់ខ្លួនកម្លាំងដកហូតបាននូវរត្ថុតាងមួយចំនួនរួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដាពាក់ស្លាកលេខបាត់ដំបង1AH 4465
-ប្រាក់រៀលចំនួន៣,១០០,០០០រៀល(បីលានដប់ម៉ឺនរៀល)
-ខោអាវប៉ារ៉ា០១កំភ្លេ មួកសុវត្ថិភាពណ៌ស០១,កាបូបស្ពាយពណ៌ខ្មៅចំនួន០១
-ទូរស័ព្ទដៃម៉ាកទ្រូ០១គ្រឿង(គ្មានស៊ីម),អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក។
សូមបញ្ជាក់ថាជនស័ង្សយឈ្មោះ សាន់ លី ភេទប្រុស ធ្លាប់ជាប់ពន្ធនាគារក្នុងឆ្នាំ២០០៨ ពីបទ(ប្លន់)នៅសង្កាត់វត្តគរក្រុងបាត់ដំបង ហើយត្រូវបានដោះលែងចេញពីពន្ធនាគារកាលពីខែមិថុនា ឆ្នាំ២០១៨ លុះដល់ថ្ងៃទី០១ ខែ មេសាឆ្នាំ២០២០ បានធ្វើសកម្មភាពដូចខាងលើ និងត្រូវបង្រ្កាបចាប់ខ្លួនបាន។
ជនសង័្សយត្រូវបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីរៀបចំបញ្ជូនបន្តទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមតិតិវិធី៕