អភិបាលខេត្តស្វាយរៀង ទទួលអំណោយជាជែល(GEL) លាងដៃសម្លាប់មេរោគចំនួន៨កេស ពីប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុង
ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលអំណោយជាជែល(GEL) លាងដៃសម្លាប់មេរោគចំនួន៨កេស ស្មើនឹង៣៨៤ដប នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ដែលឧបត្ថម្ភដោយលោក ស៊ីង ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះលោកប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ ដែលបានឧបត្ថម្ភជាជែលលាងដៃសម្លាប់មេរោគ សម្រាប់រដ្ឋបាលខេត្តប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩។
ជាមួយនេះ ឯកឧត្ដអភិបាលខេត្ត បានបញ្ជាក់ថា នាពេលបច្ចុប្បន្ន បើទោះបីជាខេត្តស្វាយរៀងមិនទាន់មានអ្នកឆ្លងជំងឺកូវីត-១៩ ប៉ុន្តែរដ្ឋបាលខេត្ត គឺនៅតែបន្តយកចិត្តទុដាក់បំផុត ពង្រឹងការអនុវត្តទាំងវិធានការការពារ និងវិធានការផ្សព្វផ្សាយអប់រំណែនាំដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាលដាល នៃជំងឺនេះ ហើយក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាខេត្តស្វាយរៀង កំពុងអនុវត្តវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩។អំណោយជាជែលលាងដៃរបស់តំបន់សេដ្ឋកិច្ចពិសេសឈីលូនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះថា ជែល ឬអាល់កុល នាពេលបច្ចុប្បន្ន ប្រៀបបានជាអាវុធការពារខ្លួនដូច្នេះដែរ ដែលឯកឧត្ដមនឹងចាត់ចែងជែលនេះសម្រាប់គាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ទាំងអស់តែម្ដង។
ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនក្នុងដំណើរការវិនិយោគរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសឈីលូ នាពេលកន្លងមក ដែលការរីកចម្រើនទាំងនេះបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតការងារធ្វើជាច្រើនកន្លែង សម្រាប់ប្រជាជនខេត្តស្វាយរៀង ធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕