អភិបាលខេត្តកំពត បើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមីនា និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមរយៈវីដេអូ Conference online
ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានក្រើនរំលឹកណែនាំដល់អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ ក្រៅពីសភាពការណ៍រួមទាំងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ត្រូវបង្កើនកិច្ចបន្តខិតខំជំរុញការតាមដាន និងក្តាប់រាល់សភាពការណ៍រួមទូទៅឱ្យបានច្បាស់លាស់ ក៏ដូចជាការវិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋចំណាកស្រុកមករស់នៅក្នុងមូលដ្ឋាន។
ឯកឧត្តមមានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាមរយៈ វីដេអូ Conference online ដែលមានការភ្ជាប់ប្រព័ន្ធរវាងអាជ្ញាធរក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអង្គភាពចំណុះសាលាខេត្ត នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត។
ជាមួយការតាមដានសភាពការណ៍ទូទៅឯកឧត្តមអភិបាលខេត្តក៏បានណែនាំឱ្យមានការរួមដៃគ្នាខិតខំបន្តជំរុញ ការអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋក្នុងការ ពង្រឹងស្មារតីសតិអារម្មណ៍ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងជំនឿទុកចិត្តចំពោះចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែន ក៏ដូចជាវិធានការអបរំផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលដើម្បីការពារទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍មូលដ្ឋាន។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នស្របពេលដែលបញ្ហាជំងឺឆ្លងកូវីដ១៩កំពុងរីករាលដាលជាសកល ការគ្រប់គ្រងសភាពការណ៍រួមទូទៅគឺជាការងារសំខាន់សម្រាប់រដ្ឋបាលដែនដីក្នុងការយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានល្អ ពិសេសអាជ្ញាធរក្រុង ស្រុកត្រូវតែបង្កើនការជំរុញយកចិត្តទុកដាក់បន្តតាមដានសភាពការណ៍បញ្ហាប្រឈមនានាក្នុងមូលដ្ឋានពិសេសការងារប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺ ឆ្លងកូវីដ១៩នេះដែលជាជម្ងឺរាតត្បាតសកល។
ក្នុងនោះឯកឧត្តម ក៏បានណែនាំផងដែរ ដល់កងកម្លាំងទាំងបី អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ត្រូវបន្ត ខិតខំប្រឹងប្រែង តាមដាន និងក្តាប់ឱ្យបាន រាល់ការ វិលត្រឡប់ចូលស្រុករបស់បងប្អូនប្រជាពលរដ្ឋដែលគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅឯក្រៅប្រទេស ឬកន្លែងផ្សេងៗក្តី ត្រូវធ្វើការផ្សព្វផ្សាយណែនាំ អំពីវិធីការពារ និងទប់ស្កាត់អំពីបញ្ហា នៃការ រីករាលដាលនៃជំងឺ កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕