រដ្ឋបាលខេត្តកំពត បន្តប្រគល់អំណោយដល់អាជ្ញាធរក្រុង ស្រុក ដើម្បីឆ្លើយតបយុទ្ធនាការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ក្នុងខេត្ត
ខេត្តកំពត៖នៅព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២០ ឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំមន្ត្រីក្រោមឱវាទបន្តចែកអំណោយជូនដល់រដ្ឋបាលក្រុង ស្រុកទាំង៨ ក្នុងខេត្ត ជាលើកទី២ ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋ និងបម្រើដល់សកម្មភាពក្នុងការប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅមូលដ្ឋានក្នុងខេត្ត ក្នុងប្រតិបត្តិការឲ្យបានកាន់តែសកម្មខ្លាំងក្លាថែមទៀត។
អំណោយដែលត្រូវយមមកចែកជូនដល់ស្រុក ក្រុងទាំង៨ រួមមាន៖
១-អង្គរ ចំនួន៨,៧០០គីឡូក្រាម ចែកជូនពលករទើបត្រលប់មកពីបរទេស ចំនួន៤៣៥នាក់ ដោយម្នាក់ៗ ២០គីឡូក្រាម។
២-ម៉ាស់ចំនួន១៦០ប្រអប់ស្មើនឹង៨,០០០ម៉ាស់ ដោយមួយក្រុងស្រុកទទួលបាន១,០០០ម៉ាស់។
៣-ជែលអាកុលលាងដៃ ចំនួន១២០ដប ដោយមួយក្រុងស្រុកទទួលបាន១៥ដប។
នាឱកាសនោះឯកឧត្តមជាវ តាយអភិបាលខេត្ត មានប្រសាសន៍ថា អំណោយ ដែលបានផ្ដល់ជូនដល់រដ្ឋបាលក្រុង ស្រុកសម្រាប់យកទៅប្រតិបត្តិការក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ ពេលនេះ គឺជាការផ្ដល់ជូនលើកទី២ ហើយអំណោយទាំងនេះក៏មានការចូលរួមជាមួយរដ្ឋបាលខេត្ត ពីសប្បុរសជននានា។
មានប្រសាសន៍ណែនាំនាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់អាជ្ញាធរក្រុងស្រុក ត្រូវយកអំណោយទាំងនេះ បន្តចែកជូនដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់របស់ខ្លួន ក្នុងគោលដៅ ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ពិសេសត្រូវចូលរួមសហការអនុវត្តនូវរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត ដើម្បីខេត្តកំពតរួចផុតពីការឆ្លង ជំងឺកូវីដ១៩ ទាំងអស់គ្នា៕