ឯកឧត្តម ជា សុផារ៉ា អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ នូវគម្រោងអភិវឌ្ឍន៍លំនៅឋាន "កំណប់ឋានសួគ៌" របស់ក្រុមហ៊ុនសុខាអូតែល
ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់នូវគំរោងអភិវឌ្ឍន៏លំនៅឋាន "កំណប់ឋានសួគ៌" របស់ក្រុមហ៊ុនសុខាអូតែល នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំង ថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួន ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្តកំពត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ សរុបប្រមាណ ៦០០នាក់ ប្រកបដោយបរិយាកាសយ៉ាងឱឡារឹក។
មានសន្ទរកថាស្វាគមន៍ក្នុងអង្គពិធី ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា ខេត្តកំពតជាខេត្តមួយដែលមានអំណោយផលល្អពីធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍ លើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ នឹងសក្ដានុពលដទៃទៀត សម្រាប់ការអភិវឌ្ឍខេត្តមានសន្ទុះរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
ដោយឡែកការបើកការដ្ឋានសាងសង់នូវគំរោងអភិវឌ្ឍន៍លំនៅដ្ឋានលើភ្នំបូកគោ របស់ក្រុមហ៊ុនសុខាអូតែលនាពេលនេះ គឺពិតជាជំរើសមួយដ៏ត្រឹមត្រូវប្រកបដោយទស្សនៈវិស័យ សេដ្ឋកិច្ចវែងឆ្ងាយសម្រាប់ភាពជោគជ័យនៃមុខរបរ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានសំដែងការ ស្វាគមន៍គាំទ្រដល់អ្នកវិនិយោគគិននាសូមបន្តចូលរួមវិនិយោគលើទឹកដីខេត្តថែមទៀត និងសង្ឃឹមយ៉ាងមុតមាំថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានលើភ្នំបូកគោនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជា ដែលនឹងផ្ដល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅខេត្តកំពតទទួលបានការកាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល៕