រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីប្រកាសទទួលស្គាល់ សមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តស្វាយរៀង អាណត្តិទី១ លើកទី២
ខេត្តស្វាយរៀង៖កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍បង្ហាញជំនឿជឿជាក់យ៉ាងមុតមាំ ទៅលើសភាពាណិជ្ជកម្មខេត្ត ដែលដើរតួនាទីដ៏សំខាន់ និងជាយន្តការជួយគាំទ្រដល់ការអនុវត្តគោលនយោបាយកៀរគរការវិនិយោគរបស់រាជរដ្ឋាភិបាលបានកាន់តែជោគជ័យថែមទៀត ជាពិសេសក្នុងការការពារនូវផលប្រយោជន៍ជូនដល់ឧស្សាហករ ពាណិជ្ជករ អាជីវករ និងកសិករនៅក្នុងខេត្ត។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិទី១ លើកទី២ កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត តំណាងសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានទីស្នាក់ការច្រកទ្វារព្រំដែន មេបញ្ជាការវរៈការពារព្រំដែន អាជីវករ ពាណិជ្ជករ និងតំណាងតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងខេត្ត ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងនូវការកោតសសើចំពោះមន្ទីរពាណិជ្ជកម្មខេត្ត ដែលបាន ខិតខំសហការរៀបចំបង្កើតសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសម្ដែងនូវការអរគុណចំពោះក្រសួងពាណិជ្ជកម្ម ដែលបានជួយសម្របសម្រួល និងគាំទ្រចាប់ពីដំណើរការបោះឆ្នោតជ្រើសរើស និងរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់សភាពាណិជ្ជកម្ម នៅលើកទី១ និងនៅលើកទី២នេះ រហូតត្រូវបានរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ និងប្រកាសជាផ្លូវការនៅថ្ងៃនេះដែលមានលោក សុក រ៉ាដូ ជាប្រធានសភាពាណិជ្ជកម្មខេត្តថ្មី ។
ជាមួយគ្នានោះដែរ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា សភាពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាយើងកើតឡើងដោយការបោះឆ្នោតជ្រើសតាំង មិនមែនកើតឡើងដោយការតែងតាំងនោះទេ ចំណុចនេះហើយដែលធ្វើឲ្យក្រុមអាជីវករទាំងអស់មានការពេញចិត្ដ និងសប្បាយចិត្ដ ដោយសារតែលទ្ធផលដែលចេញមក គឺមានភាពត្រឹមត្រូវ និងយុត្ដិធម៌បំផុត។ទន្ទឹមនេះដែរឯកឧត្ដម ក៏បានផ្ដាំផ្ញើដល់សភាពាណិជ្ជកម្មខេត្ដស្វាយរៀង ត្រូវធ្វើយ៉ាងណាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីដំណើរការទៅមុខឲ្យបានជោគជ័យ និងរលូនជានិច្ច៕