លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២០ ខួបអនុស្សាវរីយ៍លើកទី១០៩ ក្រោមប្រធានបទ"មានសន្តិភាព មានការលើកកម្ពស់សមភាពយែនឌ័រ "
ខេត្តស្វាយរៀង៖នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំពិធីអបអរសាទរទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២០ ខួបអនុស្សាវរីយ៍លើកទី១០៩ ក្រោមប្រធានបទ"មានសន្តិភាព មានការលើកកម្ពស់សមភាពយែនឌ័រ " ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឯកឧត្ដម គឹម ធា សមាជិកព្រឹទ្ធសភា និងលោកជំទាវ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកជំទាវ រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកជំទាវ លោកស្រី ជាភ្ញៀវកិត្តិយស លោក លោកស្រីស្នងការរងនគរបាលខេត្ត លោកនាយការិយាល័យជំនាញ កងកម្លាំងនគរបាលជាស្ត្រី នៃស្នងការដ្ឋាននគរបាលខេត្ត ក្រុង.ស្រុក និងសមាជិកស្ត្រី នៃសមាគមអ្នកជិះកង់ដើម្បីសុខភាពនិងការអភិវឌ្ឍ សរុបវត្តមានចូលរួម ២០០នាក់ ស្រី១៦៤ នាក់ (ស្ត្រីមកពីសមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ ២៦នាក់)។
ក្នុងឱកាសនោះលោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានឧបត្ថម្ភថវិកា ដល់សមាជិកស្ត្រីនគរបាលនិងសមាជិកស្ត្រីអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ ក្នុងម្នាក់ៗ ចំនួន១២ ម៉ឺនរៀល និងសមាជិកជាកម្លាំងនគរបាលបុរសដែលចូលរួមក្នុងម្នាក់ៗ ទទួលបានសំពត់សឹងចំនួន១ផងដែរ៕