ជនជាតិឡាវម្នាក់ ត្រូវបានកម្លាំអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់ឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរថ្នាំញៀនឆ្លងដែន ជិតមួយម៉ឺនគ្រាប់
ខេត្តស្ទឹងត្រែង៖ថ្នាំញៀនជិតមួយម៉ឺនគ្រាប់ ដែលឈ្មួញជាជនជាតិឡាវម្នាក់នាំឆ្លងដែនចូលមកកម្ពុជា កាលពីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ត្រូវបានកម្លាំកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបបាននៅចំណុចផ្លូវបំបែកវ៉ឺនខាម ស្ថិតក្នុងភូមិខាំផាត់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
សមត្ថកិច្ចបានឱ្យដឹងថា ជនជាតិឡាវខាងលើមានឈ្មោះ ប៊ុន ម៉ា អាយុ៤៣ឆ្នាំ រស់នៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
រាជអាវុធហត្ថបញ្ជាក់ថា មុនពេលឃាត់ខ្លួន ជនសង្ស័យបានឆ្លងព្រំដែនពីឡាវមកជួញដូរគ្រឿងញៀនក្បែរព្រំដែន ក្នុងខេត្តស្ទឹងត្រែង ហើយត្រូវបានកម្លាំងអាវុធហត្ថដឹងមុនក៏បានស្ទាក់ចាប់បាននៅចំណុចខាងលើតែម្ដង។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបាននូវវត្ថុតាងថ្នាំញៀនចំនួន ៣៩កញ្ចប់ (ក្នុងមួយកញ្ចប់តូចប្រមាណជា២០០គ្រាប់) និងជាច្រើនពាន់គ្រាប់ទៀត។
បច្ចុប្បន្នជនសង្ស័យរួមនឹងថ្នាំញៀន ត្រូវបានកម្លាំសមត្ថកិច្ចនាំខ្លួនទៅទីបញ្ជារការកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ រកអ្នកជាប់ពាក់ព័ន្ធបន្តទៀត៕