ឯកឧត្ដម អ៊ុន ចាន់ដា បើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០
ខេត្តកំពង់ចាម៖នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម។
អង្គសន្និបាតនេះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត លោក លោកស្រី ជាក្រុមប្រឹក្សា និងអភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ ។
ស្ថិតក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្ដែង នូវកោតសសើរ និងវាយតម្លៃ ឯកឧត្តម លោកជំទាវអស់លោកលោកស្រី ជាថ្នាក់ មន្ត្រី រាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ក៏ដូចជា អ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការប្តេជ្ញាចិត្ត ចូលរួមយ៉ាងសកម្ម តាមការកំណត់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងការផ្តល់កិច្ចសហការ ធ្វើឲ្យរដ្ឋបាល ខេត្តកំពង់ចាម សម្រេចបានសមិទ្ធផល ជាច្រើននៅក្នុង ០១ឆ្នាំកន្លងទៅនេះ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា ឆ្នាំ២០១៩កន្លងទៅនេះ គឺជាឆ្នាំ នៃការអនុវត្តកម្មវិធី និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាល នៃរដ្ឋសភា អាស្រ័យហេតុនេះ សន្និបាត នាពេលនេះ គឺជាឱកាសដ៏សមស្រប សម្រាប់យើងរួមគ្នា ធ្វើការវាយតម្លៃលទ្ធផលការងារ ដែលរដ្ឋបាលខេត្តកំពង់ចាមខិតខំប្រឹងប្រែង សម្រេចបាន ទាំងក្របខណ្ឌ នៃតួនាទី ភារកិច្ច ស្របតាមច្បាប់កំណត់ កិច្ចសហការសម្របសម្រួល និងកិច្ចការនានា និងបញ្ហារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ដោយឡែក លើមូលដ្ឋាន នៃការវាយតម្លៃ គ្រប់ជ្រុងជ្រោយ លើបទពិសោធន៍ ដែលទទួលបាន និងបញ្ហាប្រឈម ដែលនៅសេសសល់ យើងនឹងរួមគ្នា ធ្វើការកំណត់ទិសដៅការងារក្នុងឆ្នាំ២០២០ ដើម្បី បន្តអនុវត្តកម្មវិធីកំណែទម្រង់នានា ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕