អភិបាលខេត្តសៀមរាប នឹងអនុវត្តអភិក្រមទី៥ លើមន្ត្រីរាជការណាដែលមានភាពអសកម្ម និងមិនអនុញ្ញាតឱ្យមានការសាងសង់មុនលិខិតអនុញ្ញាត
ខេត្តសៀមរាប៖ក្នុងឆ្នាំ២០២០នេះ គឺជាឆ្នាំអនុវត្តនូវអភិក្រមទី៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅលើមន្ត្រីណាដែលមានភាពអសកម្មភាព ពិសេសមេឃុំ សង្កាត់ត្រូវបញ្ឈប់ការបញ្ជាក់លើ ឯកសារកាន់កាប់ដីធ្លីខុសគោលការណ៍ និងនីតីវិធី។
ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍សង្គត់ធ្ងន់បែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុង ពិធីបូកសរុបការងារសន្និបាតឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅសាលសន្និសិទសុខាសៀមរាប។
ជាមួយគ្នានោះដែរឯកឧត្តម ទៀ សីហា បានផ្តល់ការណែនាំ ដល់មន្ទីរអង្គភាព និងរដ្ឋបាលក្រុង ស្រុកទាំងអស់ សហការគ្នាអនុវត្តការងារ ដោយសង្កត់ធ្ងន់លើ ការសាងសង់សំណង់មិនត្រូវអនុញ្ញាតឱ្យសាងសង់សំណង់មុនលិខិតអនុញ្ញាត ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ សិក្សាស្ថានភាព និងលើកជាយោបល់រៀបចំទិសចរាចរក្នុងខេត្ត តម្លើងស្លាកសញ្ញាចរាចរ ភ្លើងសញ្ញាចរាចរ គំនូសសញ្ញាចរាចរ និងគំនូសកាត់ទ្រូងផ្លូវ ឬចិញ្ចើមផ្លូវដោយលុបបំបាត់ការដុយដីក្នុងក្រុង។
ម្យ៉ាងទៀត ត្រូវសហការគ្នាក្នុងការចូលរួមសាងសង់បង្គន់អនាម័យនៅតាមសាលា និងណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ត្រូវសម្អាតអនាម័យឱ្យបានល្អប្រសើរផងដែរ។ជាងនេះទៅទៀតត្រូវបន្តការបង្ក្រាប ទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន៕