អាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យម្នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចម៉ូតូ
ខេត្តស្វាយរៀង៖បញ្ជូនជនសង្ស័យ០១នាក់ ទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងនាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូ) កាលពីម៉ោងជាង១ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ។
សូមបញ្ជាក់ដែរថា៖នៅវេលាម៉ោង១៩:០០នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ឈ្មោះ សៅ ចិត្រា ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរអាជីវករ មានទីលំនៅភូមិពាធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានប្តឹងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្រ្ទា ថា មានជនមិនស្គាល់អត្តសញ្ញាណបានលួចម៉ូតូរបស់ខ្លួនកាលពីម៉ោង១ជាង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅផ្ទះរបស់ខ្លួន។
ក្រោយមកលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដាក់បទបញ្ជាឱ្យមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចន្រ្ទា សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ័ទោ ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង២១និង១០នាទី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឃើញជនសង្ស័យ នៅចំណុចខាងមុខកាស៊ីណូថាយថិន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ភ្លាមនោះកម្លាំងមូលដ្ឋាន កងរាជអាវុធហត្តក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ចឹង មិនវ៉ាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតឹងពូ ឃុំដុងថាន់ ស្រុកចូវថាន់ ខេត្តដុងថាប ប្រទេសវៀតណាម ។
វត្ថុតាងដែលចាប់យកមានម៉ូតូ០១គ្រឿង។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី៕