ខឹងម្ដាយស្ដីបន្ទោស រឿងមិនឱ្យទៅដាក់អង្គប់កណ្ដុរ ចងកធ្វើអត្តឃាត នៅលើដើមតាសេក
ខេត្តបាត់ដំបង៖គ្រាន់តែម្តាយស្តីបន្ទោសបន្តិចបន្តួច រឿងមិនឱ្យទៅដាក់អង្គប់កណ្ដុរ ចងកធ្វើអត្ដឃាតដោយខ្លួនឯងនៅលើដើមតាសេក។
ករណីនេះបានកើតឡើង កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅចំណុច ខាងក្រោយផ្ទះចំងាយ១០ម៉ែត្រ ស្ថិតនៅក្នុងក្រុមទី១៦ ភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
សាកសពមានឈ្មោះ ឆេង លីឈាន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
បើតាមម្ដាយសាកសពបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលខ្លួនកំពុងធ្វើម្ហូបហើយក៏បានស្ដីបន្ទោសកូនហាមមិនឱ្យទៅដាក់អង្គប់កណ្ដុរ ពេលនោះវាក៏ខឹង ក៏បានដើរសំដៅទៅខាងក្រោយផ្ទះបាត់ទៅ ក្រោយមកខ្លួនធ្វើម្ហូបរួចក៏ដើរទៅហៅកូនមកហូបបាយ ពេលទៅដល់ក្រោយផ្ទះមិនឃើញកូន ភ្លាមនោះខ្លួនមើលទៅលើដើមតាសេក ក៏ស្រាប់តែឃើញកូនចងក នៅជាប់នឹងមែកដើមតាសេកតែម្ដង។
ក្រោយពីកើតហេតុអាជ្ញាធរមូលដ្ឋាន និងជំនាញកោសល្យវិច្ច័យបានចុះពិនិត្យឃើញថា សពពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន រួចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕