ឯកឧត្តម ប៉ែន កុសល្យ ចុះសួរសុខទុក្ខ និងផ្ដល់ការឧបត្ថម្ភគាំទ្រ ដល់មន្ត្រីជួរមុខសុខាភិបាល ក្រុមការងារចត្តាឡីស័ក ដែលបំពេញការងារនៅច្រកទ្វារព្រំដែន អន្តរជាតិអូស្មាច់
ខេត្តឧត្តរមានជ័យ៖នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទជុំវិញខេត្ត ចុះសាកសួរសុខទុក្ខ និងផ្ដល់ការឧបត្ថម្ភគាំទ្រដល់មន្ត្រីជួរមុខសុខាភិបាល ក្រុមការងារចត្តាឡីស័ក ដែលកំពុងបំពេញបេសកកម្មការងារ នៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់។
ក្នុងឱកាសនោះឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានកោតសសើរដល់ក្រុមការងារ ដែលបម្រើការនៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ដែលបានសហការគ្នាយ៉ាងល្អប្រសើរ នៅក្នុងការចាត់វិធានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ចំពោះពលករ ពលការិនី ក្នុងដំណើរត្រឡប់មកស្រុកកំណើត ខណៈពេលដែលអាជ្ញាធរថៃ និងកម្ពុជា កំពុងតែចាត់វិធានការបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងដំណើរចុះសាកសួរសុខទុក្ខ និងត្រួតពិនិត្យ ទៅលើដំណើរការបំពេញកិច្ចការងាររបស់ក្រុមការងារនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកា ដល់ក្រុមការងារចត្តាឡីស័ក ចំនួន២លានរៀល,ម៉ាស់ចំនួន២ពាន់ម៉ាស់,ក្រមា និងទឹកបរិសុទ្ធមួយចំនួន។ កាយវិការនេះ គឺជាការបង្ហាញឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះមន្ត្រីរាជការក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋ ទាំងមុននិងកំឡុងពេល នៃយុទ្ធនាការរួមគ្នាបង្ការការឆ្លងរីករាលដាលនៃជំងឺឆ្លងជាសកលមួយនេះ៕