រដ្ឋបាលខេត្តស្វាយរៀង ប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ
ខេត្តស្វាយរៀង៖ខណៈដែលរដូវក្តៅចូលមកដល់ និងដើម្បីទប់ស្កាត់គ្រោះអគ្គីភ័យកើតឡើងលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអំពាវនាវដល់គ្រប់គ្រឹះស្ថានទាំងរដ្ឋ និងឯកជន អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការសហការ ចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យមានករណីគ្រោះអគ្គិភ័យកើតឡើង ហើយជាពិសេស នារដូវក្ដៅនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុទាំងឡាយ ដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ ដូចជាភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងដុតសំរាម ភ្លើងកម្ទេចបារី ចរន្តអគ្គិសនី ផ្ទាំងសូឡា ហ្គាស ឧស័្មន និងរាល់វត្ថុផ្សេងៗទៀត ដែលងាយឆេះ និងងាយផ្ទុះឆេះ ជាដើម។
លោកអភិបាលរងខេត្តអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ដែលប្រារព្ធឡើងនាព្រឹកថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២០ នៅសាលប្រជុំអាគារ"ឃ" សាលាខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ខៀវ សុខុម ស្នងការរងនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ព្រំ ប៊ុនធឿន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត តំណាងសាលាដំបូងខេត្ត លោកស្រី ស្នងការរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាល នៃគណ:អភិបាលក្រុង/ស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលផែនអគ្គិភ័យ លោកអនុប្រធានផែនការងារសេនាធិការ លោកអនុប្រធានការិយាល័យកណ្តាល លោកអធិការនគរបាលក្រុង/ស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង/ស្រុក លោកប្រធានអង្គភាពទេសចរណ៍ លោកចៅសង្កាត់ទាំង៧ លោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបាលទាំង៨០ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស លោក លោកស្រីតំណាងតំបន់សេដ្ឋកិច្ចពិសេសទាំង៧ លោក លោកស្រីមន្ត្រីជំនាញថ្នាក់ខេត្ត និងក្រុង/ស្រុក និងប្រជាការពារទាំង ៧សង្កាត់ សរុប៣១៦នាក់។
មានប្រសាសន៍ក្នុងពិធីនេះលោកអភិបាលរងខេត្ត បានសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អាជ្ញាធរក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលនាពេលកន្លងមកបានខិតខំចូលរួមសហការអនុវត្តនូវវិធានការបង្ការ និងអន្តរាគមន៍សង្គ្រោះករណីអគ្គិភ័យនៅក្នុងខេត្ត ឲ្យទទួលបានលទ្ធផលល្អប្រសើរ៕