បុរសវ័យអាយុ៥៤ឆ្នាំម្នាក់ រាយខ្សែលួសឆក់កណ្ដុរ ខុសបច្ចេកទេសឆក់ស្លាប់ខ្លួនឯង
ខេត្តកណ្តាល៖កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃអាទិត្យ ០៦កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ នៅកណ្តាលបឹងឈូក នៅចំណុចបាក់ជ្រួ ស្ថិតនៅក្នុងភូមិខ្នោការ ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឃីម ខន ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
វត្ថុតាងនៅកន្លែងកើតហេតុរួមមាន៖
អាគុយ០១កម្លាំង៥០អំពែ,ដុំឆក់០១,ខ្សែលួស,ពិលពាក់ក្បាល០១។
លោកវរសេនីយ៍ឯក ហេង សុផល អធិការស្រុកល្វាឯម បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះដាំឈូកមួយកន្លែងនៅចំណុចកើតហេតុខាងលើជាទម្លាប់ជនរងគ្រោះបានរាយខ្សែលួសឆក់កណ្ដុរការពារមិនឱ្យស៊ីឈូក។
បើតាមការអះអាងរបស់ប្រពន្ធជនរងគ្រោះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជនរងគ្រោះជារៀងរាល់ថ្ងៃ គាត់ចេញទៅចាំឈូក នៅវេលាម៉ោង៤ និង៣០នាទីល្ងាច គាត់សំរាកនៅរោងចាំឈូក រហូតដល់ព្រឹកឡើងទើបគាត់ត្រឡប់មកផ្ទះវិញនៅវេលាម៉ោង០៦.០០នាទីព្រឹក។
លុះនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេម៉ោង៨.០០នាទីព្រឹកប្រពន្ធជនរងគ្រោះបាត់ប្ដីមិនឃើញមកផ្ទះដូចរាល់ថ្ងៃ ក៏ឱ្យបងប្អូនសាច់ ញាតិទៅរកមើលនៅបឹងឈូកពេលនោះឈ្មោះស នឿន ត្រូវជាប្អូនថ្លៃជនរងគ្រោះទៅរកឃើញនៅក្នុងរោងចាំឈូកមានអាគុយកៀបដុំឆក់ហើយក៏ដោះដង្កៀបចេញពីអាគុយ រួចបានចុះរកក្នុងបឹងឈូកក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងបឹងឈូក ដោយដៃជាប់ខ្សែលួសរាយឆក់កណ្ដុរ ហើយក៏ដោះខ្សែលួសចេញពីដៃជនរងគ្រោះ និងស្រែកហៅបងប្អូនដែលកំពុងជួយដើររកមកជួយលើកជន រងគ្រោះយកមកដាក់នៅលើគោកក្បែររោងចាំឈូក។
បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះធ្វើការពិនិត្យសាកសពនៅលើកំភួនដៃ ថ្លើមដៃ និងម្រាមដៃផ្នែកខាងស្ដាំមានស្នាមឆេះខ្លោច សន្និដ្ឋានថាជនរងគ្រោះ ឆក់ចរន្តអគ្គិសនី (ខ្សែលួសឆក់កណ្ដុរ)បណ្ដាលឱ្យឆក់ស្លាប់ខ្លួនឯង។
ក្រោយការពិនិត្យ ធ្វើកុសលវិច្ច័យរួចរាល់ សាកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕