សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទកាស៊ីណូទាំងអស់ ចាប់ពីដើមមេសា តទៅ
រាជធានីភ្នំពេញ៖ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឲ្យបិទកាស៊ីណូទាំងអស់ ចាប់ពីថ្ងៃទី០១ ខែមេសា ២០២០ តទៅ។សម្តេចបន្តថា ការប្រកាសទុកពេលរហូតដល់ថ្ងៃទី១ មេសានោះ គឺដើម្បីទុកពេលឲ្យថៅកែកាស៊ីណូនីមួយៗ រៀបចំគិតគូទូទាត់ប្រាក់ខែដល់បុគ្គលិកកម្មករ របស់ខ្លួន ហើយនេះគឺដើម្បីជាវិធានការទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩។តែការសម្រេចបិទកាស៊ីណូនេះមិនមែនធ្វើតាមការបញ្ជា ឬលើកឡើងរបស់បុគ្គលណាម្នាក់នោះទេ។
សម្តេចតេជោចេញបទបញ្ជាឲ្យបិទកាស៊ីណូនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញធ្វើសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះនៅវិមានសភាជាតិ ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ។
នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងទាក់ទងទៅនឹងវិធានការក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជា ដោយសម្តេចតេជោ ប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយដើម្បីដាក់ប្រទេសកម្ពុជា ចូលក្នុងគ្រាអាសន្ន ក្នុងបំណងទប់ទល់ នឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ជាងនេះទៅទៀតសម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ១៩។ទន្ទឹមនឹងនោះសម្តេចេតេជោ ក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ សូមកុំឲ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថា ថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ១៩ នៅឡើយទេ។ក្នុងនោះ ក៏អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ១៩នោះទេ។
ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្នាំណាដែលថា ព្យាបាលជា ហើយឧបករណ៍ណា ដែលថា ធ្វើតេស្តឃើញវីរុសកូវីដ១៩ គឺសូមកុំជឿ។រឹបអូសយកសម្ភារៈថ្នាំនោះ យកទៅកម្ទេចចោលតែម្តងទៅ។អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះតែម្តង៕