ជនសង្ស័យចំនួន៧នាក់ ត្រូវបាននគរបាលស្រុកអង្គឈ្នួលឃាត់ខ្លួន បន្ទាប់ពីបន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាត
រាជធានីភ្នំពេញ៖ស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា បន្លំធ្វើជាព្រះសង្ឃដើរបិណ្ឌបាត ត្រូវបានកម្លាំងនគរបាលស្រុកអង្គឈ្នួលបានឃាត់ខ្លួនបានចំនួន៧នាក់ កាលពីវេលាម៉ោងជាង១៩យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ម៉ាហេង ស្ថិតនៅក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់នេះ បន្ទាប់ពីកម្លាំងជំនាញទទួលព័ត៌មានពីមហាជនថា នៅផ្ទះសំណាក់ខាងលើមានមុខសញ្ញាគួរសង្ស័យ ទើបសហការជាមួយប៉ុស្តិ៍លំហាចឆក់ឈើនាងព្រៃពួច ដោយមានការចង្អុលបង្ហាញពីលោកស្នងការមានការ សម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីរដ្ឋបាលសាលាស្រុក លោកមេឃុំលំហាច ចុះដល់ផ្ទះសំណាក់យីហោ(ម៉ាហេង)ត្រួតពិនិត្យ ជាលទ្ធផលរកឃើញជនសង្ស័យចំនួន៧នាក់ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះទៀប សុខម៉ៅ ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរមិនពិត នៅភូមិខ្នុរ ឃុំ កំពង់សឹង ស្រុកបាភ្នំ ខេត្តព្រៃវែង។
២-ឈ្មោះសេះ ឌី ភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតនៅភូមិវាលត្បាល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។
៣-ឈ្មោះសន ឆឺត ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតនៅភូមិព្រៃពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។
៤-ឈ្មោះច្រឹប មានភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជាខាងជើង ស្រុកដងទង់ខេត្តកំពត។
៥-ឈ្មោះហ៊ុន រុន ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតនៅភូមិព្រៃពីឃុំស្រែ ជាខាងជើងស្រុកដងទង់ខេត្តកំពត។
៦-ឈ្មោះសន ទីន ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតនៅភូមិព្រៃពី ឃុំស្រែជាខាងជើង ស្រុកដងទង់ខេត្តកំពត។
៧-ឈ្មោះឈៀង ឆវីភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបរនៅភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានស្គាល់គ្នាតាមឆាតហើយបានណាត់ជួបគ្នានៅកំបូល ដោយជួយរថយន្តសំរាប់ដឹកខ្លួន ស្លៀកចីវរបន្លំជាព្រះសង្ឃដើរបិណ្ឌបាត្រ ក្នុង១នាក់យកតម្លៃ២០០០០រៀល ហើយខ្លួនចាប់ផ្តើមដើរបិណ្ឌបាត្រ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ចាប់ពីផ្សារថ្នល់ទទឹងដល់កំបូល ហើយប្តូរខោអាវនៅលើរថយន្ត ហើយជនសង្ស័យ ចេះប្រើសារធាតុញៀនចំនួន៣ខែមកហើយ។បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបន្តតាមនីតិវិធី៕