ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន០៤នាក់បន្ថែមទៀត និងជាសះស្បើយចំនួន០២នាក់(សរុបកើនដល់១៣នាក់)
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់១០២នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន០២នាក់ (សរុបកើនដល់១៣នាក់) គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ។
គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន៨៩នាក់ កំពុងព្យាបាលនៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានស្រ្តី២៦នាក់ និងបុរស៦៣នាក់ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋរាជធានីខេត្ត។ដោយឡែកសម្រាប់អ្នកដែលទើបនឹងជាសះស្បើយថ្មីនេះ មានបុរសអាយុ៦៤ឆ្នាំ នៅរាជធានីភ្នំពេញ និងបុរសអាយុ៤១ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។សម្រាប់ជនជាតិខ្មែរ៤នាក់ ដែលរកឃើញឆ្លងថ្មីនេះ គឺស្ថិតនៅក្នុងគ្រួសារតែមួយ ក្នុងនោះមានបុរសអាយុ៦៤ឆ្នាំ (ឪពុក) ស្រ្តីអាយុ៦១ឆ្នាំ (ជាម្តាយ) បុរសអាយុ៣៩ឆ្នាំ (ជាកូន) និងស្រ្តីអាយុ៣៧ឆ្នាំ (ជាកូន)។បច្ចុប្បន្នពួកគេ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។
ក្រុមគ្រួសារនេះ បានធ្វើដំណើរទៅប្រទេសបារាំង ហើយពេលត្រឡប់មកវិញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បុរសអាយុ៣៩ឆ្នាំ ក៏មានបញ្ហាសុខភាពបន្តិចបន្តួច រីឯក្រុមគ្រួសាររបស់គាត់៣នាក់ទៀត បានវិលត្រឡប់មកផ្ទះវិញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក៏មានបញ្ហាសុខភាពតិចតួចដែរ។
គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមីនានេះដែរ ក្រសួងសុខាភិបាល បានយកសំណាកបុរសជនជាតិចិន២នាក់ ក្នុងចំណោមជនជាតិចិន១៧៤នាក់ ដែលហោះហើរពីប្រទេសហ្វីលីពីន នៅថ្ងៃទី២៤ ខែមីនា ដើម្បីវិលត្រឡប់ទៅប្រទេសចិនវិញ តាមជើងហោះហើរមួយនៅថ្ងៃទី២៧ ខែមីនា។ពួកគាត់បានសម្រាកនៅសណ្ឋាគារមួយ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ខណៈដែលលទ្ធផលចេញពីវិទ្យាស្ថានប៉ាស្ទ័រ គឺអវិជ្ជមានផងដែរ៕