ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ពន្ធ័ករណីរក្សាទុកជួញដូរ និងប្រើប្រាស់សារធាតុញៀន
ខេត្តស្វាយរៀង៖ជនសង្ស័យចំនួន០២នាក់ ដែលជាប់ពាក់ព័ន្ធទៅករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
ជនសង្ស័យទាំង០២នាក់ដែលកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននោះមានឈ្មោះ ឡេ យ៉ាំងឡា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងអ៊ុតសក់ និងកាត់សក់ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ វៀង យ៉ាំងហ៊ាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកាត់សក់ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ក្រោមបញ្ជាផ្ទាល់របស់ លោក សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលដោយលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កម្លាំងបានចុះបង្ក្រាបករណីរក្សាទុកជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន កាលពីវេលាម៉ោង០៤ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបន្តថា ដោយមានការអនុញ្ញាតពីលោក ខាំ សុផារី ព្រះរាជអាជអាជ្ញាអមសាលាដំបូងខេត្ត បានអនុញ្ញាតឲ្យមន្រ្តីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ ធ្វើការឆែកឆេរបន្ទប់ជួលលេខ១A ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរកឃើញ វត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់, ទូរសព្ទដៃចំនួន០៣គ្រឿង, ប្រាក់ដុងចំនួន ៤,០០០,០០០ ដុង, ប្រាក់ដុល្លារចំនួន ១០ដុល្លារ, បង្កាន់ដៃទទួលស្គាល់ជាជនបរទេសអន្តោប្រវេសចំនួន០១សន្លឹក និងសម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន៕