ពលករខ្មែរនៅប្រទេសថៃ អនុញ្ញាតឱ្យបន្តប័ណ្ណស្នាក់នៅ និងការងារ ពីក្រសួងការងារថៃ ដល់ថ្ងៃទី៣០ ខែមិថុនា ដោយមិនមានការផាកពិន័យ
ខេត្តបន្ទាយមានជ័យ៖ដោយសារការរីករាលដាល នៃជម្ងឺកូវីដ១៩ រាជរដ្ឋាភិបាលថៃ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក្រសួងការងារប្រទេសថៃ បានអនុញ្ញាតឱ្យពលករខ្មែរនៅប្រទេសថៃ បន្តឱ្យស្នាក់នៅបណ្តោះអាសន្នដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយលើកលែងការផាកពីន័យ លើការស្នាក់នៅលើសកំណត់(Over Stay)។នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ដែលអ្នកសារព័ត៌មានយើងទទួលបាននារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ។
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បន្តថា ក្នុងស្ថានភាពការរីករាលដាល នៃជម្ងឺកូវីដ១៩ រាជរដ្ឋាភិបាលថៃបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដូច្នេះមិនអនុញ្ញាតឱ្យមានអ្នកធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែន កម្ពុជា-ថៃ នោះទេ ដែលជាហេតុធ្វើឲ្យបងប្អូនពលករខ្មែរមួយចំនួនប្រឈមនឹងការផុតសុពលភាពស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារ។
ចំពោះបងប្អូនពលករខ្មែរ ដែល ទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារអស់សុពលភាព ស្ថាទូត សូមជម្រាបជូនថាក្រសួងការងារថៃនឹង
១- បន្តឲ្យស្នាក់នៅបណ្ដោះអាសន្នដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយលើកលែងការផាកពិន័យលើការស្នាក់នៅលើសកំណត់(Over Stay)។
២- ក្នុងករណីបងប្អូនពលករខ្មែរ ត្រូវការធ្វើការបន្ត ត្រូវឱ្យនិយោជក បញ្ជូន បញ្ជីឈ្មោះទៅក្រសួងឬមន្ទីរការងារ ក្រុង ខេត្ត តាមរយៈប្រព័ន្ធអនឡាញឱ្យបានរួចរាល់ត្រឹម ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដើម្បីបន្តធ្វើការជាបណ្ដោះអាសន្នបានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
ក្នុងករណីបងប្អូនមានបញ្ហាសូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬទូរស័ព្ទលេខ ០៩៤ ០៩២ ៥៩០៥ (ផ្នែកទទួលពលករ)៕ព័ត៌មានលំអិតសូមអាននូសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដែលមានដូចខាងក្រោម៖