ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្អាង
ខេត្តកណ្ដាល៖អាជ្ញាធរស្រុក ត្រូវធ្វើការស្រង់ស្ថិតិប្រជាពលរដ្ឋដែលទើបត្រលប់មកពីប្រទេសថៃ និងប្រទេសដ៏ទៃផ្សេងទៀត ដែលទើបបានត្រលប់មកក្នុងមូលដ្ឋានស្រុករបស់ខ្លួនអោយបានច្បាស់លាស់។ក្នុងករណីមានប្រជាពលរដ្ឋដែលទើបមកពីប្រទេសផ្សេងក្នុងមូលដ្ឋានរបស់ខ្លួន អាជ្ញាធរស្រុក ត្រូវចាត់មន្ត្រីជំនាញ ចុះធ្វើការពិនិត្យ ជូនពួកគាត់ដល់ផ្ទះ ហើយត្រូវធ្វើការណែនាំ ដល់ពួកគាត់អោយនៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃ ហើយអាជ្ញាធរស្រុកត្រូវរកទីតាំងសមស្របណាមួយជូនពួកគាត់។ក្នុងករណីមានការសង្ស័យ ត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជាបន្ទាន់។
លោក នៃ ចារី អភិបាលរងខេត្តកណ្តាលមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោកតំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្អាង ដែលពិធីនេះមានការអញ្ជើញចូលរួម ពីមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ក្រុមប្រឹក្សាឃុំ គ្រប់ឃុំ និងអាជ្ញាធរស្រុកស្អាង ជិត១០០នាក់កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២០។
មានប្រសាសន៍ក្នុងពិធីប្រកាសតែងតាំងលោក នៃ ចារី បានស្នើដល់ គណៈអភិបាលស្រុក និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តអោយបានម៉ឺងម៉ាត់ នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺCOVID-19 នៅក្នុងមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានោះអភិបាលរងខេត្ត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ។
ជាងនេះទៅទៀតលោកបានផ្ដាំផ្ញើដល់អាជ្ញាធរស្រុក ត្រូវបន្តបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់សាធារណៈ កែលម្អសោភ័ណ្ឌភាព សង្ក្រាបល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព និងយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយ(ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព) និងធ្វើការលាងសំអាតអនាម័យសំលាប់មេរោគជូនបងប្អូនដែលមកទទួលសេវា ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រី ដើម្បីត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់លើ ដោយត្រូវជំរុញការអនុវត្តមុខងារទៅតាមរចនាសម្ព័ន្ធថ្មី។
សូមបញ្ចាក់ផងដែរថា លោក សេង វុធ ឋានន្តស័ក្កិវរមន្ត្រី ថ្នាក់លេខ៤ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកស្អាង ជំនួសលោក ខុន សេរីរដ្ឋា ដែលត្រូវបានតែងតាំង ជាអភិបាលស្រុកអង្គស្នួល៕