ធ្វើម៉ូតូធ្វេសប្រហែល រោទិ៍ឆាបឆេះដបសាំង និងឆេះផ្ទះ បណ្តាលឱ្យស្លាប់កូនប្រុសស្រី០២នាក់
ខេត្តព្រៃវែង៖ពិតជាយ៉ាងអាណោចអធមខ្លាំងណាស់ក្មេងប្រុស ស្រី០២នាក់ បានស្លាប់ក្នុងភ្នួកភ្លើង ដោយសារជាងធ្វើម៉ូតូធ្វេសប្រហែលរោទិ៍ឆាបឆេះដបសាំងរហូតឈានដល់ការឆាបឆេះផ្ទះ យ៉ាងសន្ធោសន្ធៅកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២ ខែមីនា ឆាំ២០២០ នៅចំណុចភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ឈួ ស្រ៊ុន ភេទប្រុស អាយុ៤៧ឆ្នាំ។ចំណែកក្មេងប្រុសស្រី០២នាក់ដែលបានស្លាប់មានឈ្មោះ ឈួ ម៉េងជឺ ភេទប្រុស អាយុ៥ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ឈួ សៀវអេង ភេទស្រី អាយុ២ឆ្នាំ(ជាកូនបង្កើករបស់ឈួ ស្រ៊ុន ផ្ទះដើមហេតុ)។
ក្រោយពីទទួលបានព័ត៌មានថា មានអគ្គីភ័យឆាបឆេះផ្ទះភ្លាមកម្លាំងសមត្ថកិច្ចបាននាំយករថយន្តពន្លត់អគ្គីភ័យមកពីបួនស្រុករួមមាន រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ស្រុកបាភ្នំ ស្រុកព្រះស្តេច និងអធិការដ្ឋានស្រុកស្វាយជ្រុំ។
សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើនេះដោយកម្លាំងសមត្ថកិច្ចបានជួយអន្ត្រាគមន៍ទាន់មិនបណ្តាលឱ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកដទៃគ្រាន់តែឆេះខ្លោចជញ្ជាំងអ្នកជិតខាងបន្តិចបន្តួចតែប៉ុណ្ណោះ ដោយសមត្ថកិច្ចចេញរថយន្តពន្លត់ទាន់ពេលទប់ស្តាត់បាន។
សមត្ថកិច្ចបញ្ជាក់ទៀតថា មូលហេតុដែលបណ្តាលឱ្យមានករណីអគ្គីភ័យនេះឆាបឆេះកើតឡើងគឺបណ្តាលមកពីម្ចាស់ផ្ទះធ្វើម៉ូតូរោទិ៍ទៅឆាបឆេះដបសាំងផ្ទះរបស់គាត់ផ្ទុះជាអណ្តាតភ្លើងតែម្តង។
ចំណែកទំហំនៃការខូចខាតនូវមិនទាន់សន្និដ្ឋានបាននៅឡើយទេ៕