អភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំង ដើម្បីត្រៀមសម្រាប់ពិនិត្យ និងព្យាបាល អ្នកមានជំងឺ Covid-19
អភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំង ដើម្បីត្រៀមសម្រាប់ពិនិត្យ និងព្យាបាល អ្នកមានជំងឺ Covid-19ខេត្តសៀមរាប៖រដ្ឋបាលខេត្តបានត្រៀមបម្រុងអគារ ដើម្បីការពិនិត្យព្យាបាល អ្នកមានជំងឺ Covid-19 មាន៤ទីតាំងបន្ថែមទៀត ដែលមានបន្ទប់សរុប១៤៣បន្ទប់ ស្មើ២៨៦គ្រែ ដែលទីតាំងទាំង៤ មានជាអាទិ៍ ៖
-ទី១ សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត មាន២៥បន្ទប់ ស្មើនឹង៥០គ្រែ
-ទី២ អន្តេវាសិកដ្ឋាន ចំនួន២៨បន្ទប់ ស្មើរនឹង៥៦គ្រែ
-ទី៣ ផ្ទះសំណាក់គ្រូបង្រៀន មាន៣០បន្ទប់ ស្មើនឹង៦០គ្រែ
-ទី៤ សណ្ឋាគារញូរីវើសាយ មាន ៦០បន្ទប់ ស្មើនឹង ១២០គ្រែ។
ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តសៀមរាប មានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងត្រៀមសម្រាប់ការពិនិត្យ និងព្យាបាល នាព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដែលអមដំណើរដោយ លោក ពិន ប្រាកដ អភិបាលរងខេត្ត មន្ត្រីជំនាញមកពីមន្ទីរសុខាភិបាលខេត្ត អគ្គិសនីសៀមរាប រដ្ឋាករទឹកស្វយ័តសៀមរាប អភិបាលក្រុងសៀមរាប និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
បន្ទាប់ពីរាជរដ្ឋាភិបាលណែនាំដល់បណ្តារាជធានី ខេត្តនីមួយៗត្រៀមអគារមួយចំនួនដូចជា សណ្ឋាគារ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន ឱ្យរៀបចំធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ ក្រោយពីជំងឺកូវីដ១៩ បានរីករាលដាលជាបន្តបន្ទាប់នៅកម្ពុជា។
ក្រៅពីការត្រៀមអគារទាំងនេះ រដ្ឋបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងភូមិឱ្យត្រួតពិនិត្យ និងតាមដានឱ្យបានជាប់ជាប្រចាំចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបនឹងត្រឡប់មកពីក្រៅប្រទេស ដោយឱ្យពួកគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនៅផ្ទះ ហើយត្រូវឱ្យគាត់ធ្វើចត្តាឡីស័ក្កិ ដោយខ្លួនជាប្រចាំផងដែរ ជាពិសេសអាជ្ញាធរ និងមន្ត្រីសុខាភិបាលជំនាញនៅមូលដ្ឋានត្រូវអប់រំណែនាំ និងតាមដានសុខភាពពួកគាត់ជាប្រចាំ៕