ដើម្បីទប់ស្កាត់ និងបង្ការជំងឺ COVID-19អាជ្ញាធរខេត្តស្វាយរៀង ចុះផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋ អំពីវិធីការពារខ្លួន
ខេត្តស្វាយរៀង៖បើទោះបីជាខេត្តស្វាយរៀង មិនទាន់មានអ្នកឆ្លងជំងឺ COVID-19 ក្តី តែនៅចំពោះមុខវិធានការទប់ស្កាត់ និងបង្ការជំងឺ COVID-19 រដ្ឋបាលខេត្តស្វាយរៀង ក៏បានត្រៀមរៀបចំទីតាំងអគារ ដែលមានបន្ទប់ដាច់ដោយឡែកបន្ថែមទៀត សម្រាប់គ្រប់មន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឱ្យបានស្របតាមវិធានវេជ្ជសាស្ត្រ ហើយក៏បានត្រៀមសម្ភារធនធានមនុស្ស សម្រាប់ត្រៀមលក្ខណៈសម្បត្តិ ដែលអាចកើតមានឡើង ជាយថាហេតុផងដែរ។
ក្នុងនោះអាជ្ញាធរខេត្តស្វាយរៀង បានចុះធ្វើការផ្សព្វផ្សាយអប់រំ អំពីវិធីការពារខ្លួន ហើយក្នុងនោះមន្ទីរសុខាភិបាលខេត្តស្វាយរៀងក៏ដូចជាអាជ្ញាធរខេត្ត បានចុះអប់រំនៅតាមហាងកាហ្វេ ហាងលក់បាយគុយទាវ និងតាមទីជនបទឲ្យបានយល់ និងនាំគ្នាការពារខ្លួនពីជំងឺមួយនេះ។
យោងតាមមន្ត្រីបម្រើការងារនៅតាមសាលាក្រុង-ស្រុកទាំង៨ នៅខេត្តស្វាយរៀងបានបង្ហាញសារដល់ពលរដ្ឋថា ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺ COVID-19 ដែលជាជំងឺដ៏សាហាវមួយកំពុងតែរាតត្បាតខ្លាំង នៅពាសពេញពិភពលោក នៅតាមបណ្តាស្រុក ក្រុងមានក្រុមមន្ត្រីជំនាញបាញ់ថ្នាំសម្លាប់មេរោគ ដាក់ទឹកអាល់អាកុលលាងដៃ និងម៉ាស៊ីនវាស់កម្លាំងជាដើម។ហើយចំពោះពលរចំណាកស្រុក ត្រឡប់មកវិញ ត្រូវនៅឆ្ងាយពីគ្រួសារ១៤ថ្ងៃ ហើយបើមានរោគសញ្ញាមិនស្រួល ត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់។
ជាងនេះទៅទៀតអាជ្ញាធរបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចេះការពារខ្លួនដោយរស់នៅស្អាត ហូបស្អាត និងចេះអនាម័យខ្លួនប្រាណ ពិសេសលាងដៃនឹងសាប៊ូ ឬអាកុល ឱ្យបានជាប់ជាប្រចាំ៕