សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ ចាក់កប់លុប និងដុតកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ដកហូតពីអាជីវករ នាពេលកន្លងមក
ខេត្តត្បូងឃ្មុំ៖ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ដែលមន្រ្តីជំនាញកាំកុងត្រូល ដកហូតពីអាជីវករ លក់ដូរមួយចំនួន នៅក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំ២០១៩ កន្លងទៅសរុបចំនួនប្រមាណ១តោន រួមមានភេសជ្ជៈ គ្រឿងឧបភោគ និងបរិភោគចម្រុះ ត្រូវបានលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីកាំកុងត្រូល រួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត, មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរស្រុកពញាក្រែក បានធ្វើការចាក់កប់លុប និងដុតកម្ទេចចោល នៅទីតាំងមួយកន្លែងស្ថិតនៅភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។
នាឱកាសនោះដែរលោក មាស មោរ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករសូមប្រុងប្រយ័ត្ន មុននឹងទិញទំនិញលើទីផ្សារ ពិសេសចំណីអាហារប្រចាំថ្ងៃ សូមពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងប៉ះទំនិញខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពបងប្អូនទៅថ្ងៃក្រោយ ជាពិសេសអ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដើម្បីទុកបានយូរ នៅស្រស់ល្អ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន៕