សាខាកាកបាទក្រហមខេត្តកំពត ធ្វើពិធីប្រគល់ទទួលអំណោយ និងថវិកាដល់សប្បុរសជនជាម្ចាស់អំណោយ
ខេត្តកំពត៖នៅព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងមានវត្តមានចូលរួមពីសំណាក់លោកជំទាវ លាងហៃ អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា និងសមាជិកកិត្តិយសសាខា បានធ្វើពិធីប្រគល់នឹងទទួល អំណោយមនុស្សធម៌ ដែលទទួលបានពីសប្បុរសជន ។
អំណោយទាំងនោះ រួមមាន មីចំនួន២៦កេស ត្រីខចំនួន១០០កំប៉ុង ទឹកអាកុលលាងដៃចំនួន៥០០ដបតូច និងថវិកាចំនួន១២លានរៀលនិង១,៨០០ដុល្លារ។
មានប្រសាសន៍ សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានថ្លែងអំណរគុណ កោតសរសើរ ដល់សប្បុរសជន និងបានចាត់ទុកអំណោយ ដែលបាននាំមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតពេលនេះ គឺពិតជា កាយវិការនូវទឹកចិត្តសប្បុរសធម៌មួយរួមចំណែកុំក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំក៏ ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាពលរដ្ឋជួបប្រទះការខ្វះខាតឬជួបប្រទះនូវឧប្បត្តិវហេតុផ្សេងៗ និងបញ្ហាប្រឈមនានា ក្នុងការឆ្លើយតបបានទាន់ពេលវេលាផងដែរ។
ពិសេសអំណោយរបស់សប្បុរសជនដែលបានផ្ដល់ជូនសាខាកាកបាទក្រហម នាពេលនេះក៏ជាការរួមចំណែក ដើម្បីឆ្លើយតប ក្នុងការជួយដល់សុខភាព និងបញ្ហាប្រឈមខ្វះខាតសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពសាធារណៈ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងកាលៈទេសៈនាបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជាយើងបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ អំពាវនាវណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ រួមនឹងប្រជាពលរដ្ឋយើង រួមគ្នាប្រយុទ្ធនឹងជំងឺឆ្លង កូវីដ ១៩ ដែលជាជម្ងឺរាតត្បាត ជាសកលក្នុងពិភពលោក។
ឯកឧត្តម ជាវ តាយ ក៏បានសន្យា និងធ្វើការចាត់ចែងអំណោយទាំងនេះ ឲ្យបានស្របទៅនឹងទឹកចិត្តសប្បុរសធម៌ម្ចាស់អំណោយ ពិសេសឱ្យបានចំគោលដៅ នៃគោលការណ៍ ក្នុងវិស័យមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នឈានមុខ ក្នុងការជួយសង្គ្រោះនិង ជួយសម្រាលការលំបាកនូវបញ្ហាប្រឈមនានា សម្រាប់ជនងាយរងគ្រោះដែលបានជួបប្រទះនៅក្នុងមូលដ្ឋាន។
ជាមួយឱកាសនោះពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ១៩ ឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះសម្រាប់ខេត្តកំពត ពុំទាន់មានការរាតត្បាតធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋក្នុងខេត្តនៅឡើយទេ ហើយរហូតដល់ពេលនេះ ទើបតែមានឆ្លងចំនួន២នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅខេត្តផ្សេង ដែលអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ហើយដោយឡែក មានការឆ្លងជំងឺកូវីដ១៩ចំនួន២នាក់ផ្សេងទៀតដែរនោះក្នុងខេត្ត ដែលនាំចូលពីក្រៅប្រទេសលើជនជាតិម៉ាឡេស៊ី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
ក្នុងឱកាសនោះឯកឧត្តមជាវ តាយ ក៏បានធ្វើពិធីប្រគល់ និងទទួលអំណោយសម្ភារៈថវិកាព្រមទាំងប្រគល់នូវ ប័ណ្ណនិងលិខិតសរសើរជូនដល់សប្បុរសជនចំនួន១៧នាក់ផងដែរ៕